(ប៉េកាំង)៖ អ្នកជំនាញបានព្រមានថា អ្នកដែលរងគ្រោះធ្ងន់ធ្ងរដោយសារវិធានការរឹតត្បិតរបស់រដ្ឋាភិបាលអាមេរិកមកលើ ក្រុមហ៊ុនបច្ចេកវិទ្យាចិននោះ អាចជាក្រុមហ៊ុនអាមេរិកខ្លួនឯង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២០។
នៅពេលដែលអាមេរិកបានវាយប្រហារ និងដាក់សម្ពាធមកលើក្រុមហ៊ុនធំៗរបស់ចិនដូចជា ក្រុមហ៊ុន Huawei, ក្រុមហ៊ុន ByteDance និងក្រុមហ៊ុន Tencent ដែលមានកម្មវិធី WeChat នារយៈពេលចុងក្រោយនេះ បានធ្វើឲ្យក្រុមអ្នកវិភាគសម្តែងការព្រួយបារម្ភថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន បន្តចាត់វិធានការដូចជា បង្ខំឲ្យក្រុមហ៊ុន Apple លុបកម្មវិធី app របស់ក្រុមហ៊ុនTencent, ByteDance និង Alibaba ចេញពី App Store របស់ខ្លួន នោះក្រុមហ៊ុន Apple ខ្លួនឯងទៅវិញទេ ដែលអាចនឹងទទួលរងនូវការខាតបង់ដ៏ធំធេង។
លោក Shao Chingxiao ស្ថាបនិកក្រុមហ៊ុន Red Gate Asset Management បានពន្យល់ថា «ប្រសិនបើកម្មវិធី WeChat របស់ចិន ត្រូវបានលុបចេញពី App Store របស់ក្រុមហ៊ុន Apple ចំនួនប្រជាជនចិនដែលមានបំណងចង់ទិញទូរស័ព្ទ Iphone នឹងត្រូវធ្លាក់ចុះខ្លាំង»។
កម្មវិធី WeChat ត្រូវបានប្រើប្រាស់ដោយប្រជាជនចិនរាប់រយលាននាក់ជារៀងរាល់ថ្ងៃ ហើយបើយោងតាមរបាយការណ៍ចេញផ្សាយដោយ WeChat បានឲ្យដឹងថា មានអាជីវកម្មជាង ៥០លានគឺជាអ្នកប្រើប្រាស់សកម្មនៃកម្មវិធី WeChat Pay ដែលជាកម្មវិធីទូទាត់ប្រាក់ដ៏សំខាន់បំផុតមួយក្នុងប្រទេស។
គួរជម្រាបថា មួយរយៈក្រោយនេះ សហរដ្ឋអាមេរិក ជាពិសេស លោកដូណាល់ ត្រាំ បានវាយប្រហារក្រុមហ៊ុនបច្ចេកវិទ្យាធំៗបំផុតរបស់ប្រទេសចិន ដូចជា ក្រុមហ៊ុន Huawei និងក្រុមហ៊ុន ByteDance ដែលមានកម្មវិធី TikTok ហើយចុងក្រោយនេះគឺក្រុមហ៊ុន Tencent ដែលមានកម្មវិធី WeChat ។ លោកត្រាំបានចេញបញ្ជាហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei និងបានទុកពេល ៤៥ថ្ងៃ ឲ្យក្រុមហ៊ុន ByteDance ក្នុងការលក់កម្មវិធី TikTok ឲ្យក្រុមហ៊ុនអាមេរិក ហើយចុងក្រោយនេះគឺគំរាមក្រុមហ៊ុនអាមេរិកធំឲ្យបញ្ឈប់ការទំនាក់ទំនងជាមួយក្រុមហ៊ុន Tencent ក្នុងការប្រើប្រាស់កម្មវិធី WeChat៕