(រ៉ង់ហ្គូន)៖ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា បានប្រកាសនាថ្ងៃចន្ទនេះថា ខ្លួនបានរកឃើញករណីឆ្លង COVID-19 ថ្មីៗនៅក្នុងស្រុកចំនួន ១៣នាក់បន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបកើនដល់ ៤៦៣ករណី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០។
យោងតាមក្រសួងសុខាភិបាលមីយ៉ាន់ម៉ា តួលេខនៃករណីឆ្លង COVID-19 សរុបមានចំនួន ៧២ករណីត្រូវបានរាយការណ៍នៅក្នុងស្រុកស៊ីតថ្វេ (Sittwe) រដ្ឋរ៉ាឃីន (Rakhine) គិតចាប់តាំងពីថ្ងៃទី១៦ ខែសីហា។ ទន្ទឹមនឹងនេះ ដោយសារតែការកើនឡើង នៃចំនួនករណីឆ្លងរាលដាលក្នុងស្រុកនៅរដ្ឋ Rakhine ថ្មីៗនេះរដ្ឋាភិបាលមីយ៉ាន់ម៉ាបានបញ្ជូនក្រុមគ្រូពេទ្យស័្មគ្រចិត្តសរុបចំនួន ២៤នាក់ទៅកាន់ស្រុក Sittwe នៃរដ្ឋ Rakhine ដើម្បីជួយប្រយុទ្ធប្រឆាំងនឹង COVID-19 នេះ។
គួរជម្រាបថា ករណីឆ្លង COVID-19 ត្រូវបានគេរកឃើញជាលើកដំបូង ក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ហើយរហូតមកទល់ពេលនេះ ប្រទេសអាស៊ានមួយនេះមានអ្នកស្លាប់ ដោយសារជំងឺរាតត្បាតដ៏កាចសាហាវនេះចំនួន ០៦នាក់ និងជាសះស្បើយចំនួន ៣៤១នាក់ ក្នុងចំណោមករណីឆ្លងសរុបចំនួន ៤៦៣ករណីខាងលើ៕