(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ បានចាកចេញពីមន្ទីរពេទ្យ នៃទីក្រុងតូក្យូវិញហើយ ក្រោយពីលោកបានចូលជាលើកទី ២ ក្នុងរយៈពេលមួយសប្តាហ៍ ដែលបានបង្កឲ្យសាធារណជនមានការព្រួយបារម្ភ អំពីស្ថានភាពសុខភាពរបស់មេដឹកនាំវ័យ ៦៥ឆ្នាំរូបនេះ ក្នុងការបន្តដឹកនាំប្រទេស ជាពិសេសនៅចំពោះមុនវិបត្តិ COVID-19 ដ៏អាក្រក់បំផុត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០។
អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា លោក អាបេ បានទៅមន្ទីរពេទ្យ ដើម្បីត្រួតពិនិត្យសុខភាពកាលពីសប្តាហ៍មុន ហើយនេះជាលើកទី ២ ហើយដែលលោកទៅមន្ទីរពេទ្យម្តងទៀត ដើម្បីទទួលលទ្ធផលពិនិត្យសុខភាព។
ក្រោយចាកចេញពីមន្ទីរពេទ្យវិញ នៅថ្ងៃចន្ទដដែលនេះលោក អាបេ បានថ្លែងថា លោកចង់ថែទាំសុខភាពឲ្យបានល្អ និងបំពេញតួនាទីរបស់លោកឲ្យបានល្អបំផុត។ លោក អាបេ ត្រូវបានគេមើលឃើញថា បានទទួលរងសម្ពាធយ៉ាងធ្ងន់ធ្ងរបំផុត នៅចំពោះមុនបញ្ហាសុខភាពនេះ ក៏អ្នកវិភាគខ្លះក៏បានលើកឡើងផងដែរថា លោកអាចនឹងលាលែងពីតំណែង។
គួរបញ្ជាក់ថា កាសែតក្នុងស្រុករបស់ជប៉ុន បានរាយការណ៍អំពីភាពមិនប្រក្រតី នៃសុខភាពរបស់លោក អាបេ នៅក្នុងខែសីហានេះ ដោយយោងទៅលើការពិនិត្យ ល្បឿននៃការធ្វើដំណើររបស់លោក អំឡុងការចូលរួមកិច្ចប្រជុំម្តងៗ។ ដោយឡែកទស្សនាវត្តីមួយទៀតរបស់ជប៉ុនមានឈ្មោះថា Flash ធ្លាប់បានចុះផ្សាយថា លោក អាបេ បានក្អួតចេញឈាម នៅក្នុងបន្ទប់ការិយាល័យរបស់លោក កាលពីថ្ងៃទី០៦ ខែកក្កដា ប៉ុន្តែមិនមានប្រភពផ្លូវការណាមួយ បានចេញមុខបញ្ជាក់ការពិតនៅឡើយទេ រហូតមកទល់នឹងពេលនេះ៕