(ម៉ានីល)៖ មន្ត្រីយោធា និងប៉ូលីសហ្វីលីពីនបាននិយាយថា យ៉ាងហោចណាស់មនុស្ស ០៩នាក់បានស្លាប់ និង ១៧នាក់ផ្សេងទៀតរងរបួស នៅក្នុងករណីបំផ្ទុះគ្រាប់បែកផ្ទួនៗគ្នាពីរលើក នៅខេត្តស៊ូលូ (Sulu) ភាគខាងត្បូងនៃប្រទេស នារសៀលថ្ងៃចន្ទនេះតែម្តង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០។
យោងតាមរបាយការណ៏បឋម យោធាហ្វីលីពីនបានគូសបញ្ជាក់យ៉ាងដូចច្នេះថា ការផ្ទុះលើកទី ១ បានកើតឡើងប្រហែលម៉ោងជាង ១២៖០០ថ្ងៃត្រង់ថ្ងៃចន្ទនេះ នៅខាងមុខហាងលក់គ្រឿងទេសមួយនៅទីក្រុង ហ្សូឡូ (Jolo) នៃខេត្ត Sulu។ លើសពីនេះក៏មានការផ្ទុះលើកទី ២ ដែលកើតឡើងប្រហែលជាមួយម៉ោង បន្ទាប់ពីករណីផ្ទុះលើកទី ១ ផងដែរ ដែលបានកើតឡើងទៅលើព្រះវិហារមួយ នៅវេលាម៉ោង ១៖០០រសៀល ដែលមានចម្ងាយប្រហែល ៧០ម៉ែត្រប៉ុណ្ណោះពីកន្លែងផ្ទុះដំបូង។
គួរបញ្ជាក់ថា មិនទាន់មានក្រុមណាមួយ ចេញមុខអះអាងទទួលខុសត្រូវ ចំពោះការបំផ្ទុះផ្ទួនៗខាងលើនេះឡើយ ប៉ុន្តែក្រុមឧទ្ទាមភាគខាងត្បូងហ្វីលីពីន ត្រូវបានគេដឹងថា ជាអ្នកបង្កហេតុការណ៍ស្រដៀងៗគ្នានេះ តាំងតែពីដើមរៀងមក៕