(ប៉េកាំង)៖ ចិនមានបេក្ខភាពវ៉ាក់សាំង COVID-19 មួយចំនួន ដែលកំពុងតែស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការអភិវឌ្ឍ ខណៈខាងក្រោម គឺជាសេចក្តីសង្ខេបស្តីពីដំណើរការអភិវឌ្ឍវ៉ាក់សាំង ដើម្បីទប់ទល់នឹងជំងឺរាតត្បាតជាសកលនេះ របស់ប្រទេសចិន៖
* តើចិនមានវ៉ាក់សាំង COVID-19 សរុបចំនួនប៉ុន្មាន ដែលស្ថិតក្នុងការធ្វើតេស្តដំណាក់កាលទី ៣?
វ៉ាក់សាំងបួនក្នុងចំណោមវ៉ាក់សាំងទាំង ០៧ប្រភេទ ដែលកំពុងស្ថិតក្នុងការធ្វើតេស្តដំណាក់កាលទី ៣ នៅជុំវិញពិភពលោក គឺមកពីប្រទេសចិន។ នៅក្នុងនោះ ០២ប្រភេទមកពីក្រុមហ៊ុនជាតិ China National Biotec Group (CNBG) ដែលជាសមាជិកក្រុមហ៊ុនផលិតឱសថយក្ស China National Pharmaceutical Group (Sinopharm) របស់រដ្ឋាភិបាលចិន។
ចំណែកក្រុមហ៊ុនឯកជនចិន ស៊ីណូវ៉ាក់ បាយអូធិច (Sinovac Biotech) កំពុងតែអភិវឌ្ឍបេក្ខភាពវ៉ាក់សាំងទី ៣ ហៅថា កូរ៉ូណាវ៉ាក់ (CoronaVac ខណៈក្រុមហ៊ុនមួយផ្សេងទៀតគឺ ខេនស៊ីណូ បាយអូឡូជីក (CanSino Biologics) កំពុងសហការជាមួយអង្គភាពស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តរបស់យោធាចិន ជុំវិញការអភិវឌ្ឍវ៉ាក់សាំង COVID-19 ហៅថា Ad5-nCoV។
* តើប្រទេសណាខ្លះជាដៃគូសហការ ធ្វើតេស្តវ៉ាក់សាំង COVID-19 ជាមួយចិន?
ប្រទេសអាហ្សង់ទីន, ប៉េរូ, ម៉ារ៉ុក, បារ៉ែន និងអេមីរ៉ាត់អារ៉ាប់រួម បានអនុញ្ញាតឲ្យក្រុមហ៊ុន CNBG ធ្វើតេស្តវ៉ាក់សាំង COVID-19 ដំណាក់កាលទី ៣ ក្នុងប្រទេសពួកគេ ប៉ុន្តែវាពុំទាន់ប្រាកដនោះទេថា វ៉ាក់សាំងទាំងពីរប្រភេទរបស់ CNBG នឹងត្រូវធ្វើតេស្តនៅប្រទេសទាំងនេះដែរ ឬយ៉ាងណា។ សម្រាប់ឥណ្ឌូណេស៉ី និងប្រេស៉ីលកំពុងសហការជួយចិន ពាក់ព័ន្ធការធ្វើតេស្តដំណាក់កាលទី ៣ នៃវ៉ាក់សាំង CoronaVac របស់ Sinovac ខណៈបង់ក្លាដែសក៏មានគោលដៅ សហការ ទាក់ទងនឹងវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិននេះដែរ។
រីឯប្រទេសប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត និងរុស្ស៉ី បានយល់ព្រមធ្វើតេស្តដំណាក់កាលទី ៣ សម្រាប់បេក្ខភាពវ៉ាក់សាំង Ad5-nCoV របស់ CanSino ស្របពេលដែលម៉ិចស៉ីកូ ក៏បានចុះកិច្ចព្រមព្រៀងស្តីពីការធ្វើតេស្តវ៉ាក់សាំង ជាមួយក្រុមហ៊ុន CanSino ផងដែរ។
* តើវ៉ាក់សាំង COVID-19 ត្រូវបានប្រើប្រាស់សាកល្បងយ៉ាងដូចម្តេច នៅក្នុងប្រទេសចិន?
ចិនបាននិងកំពុងប្រើប្រាស់វ៉ាក់សាំង តេស្តទៅលើក្រុមមនុស្សដែលងាយប្រឈមហានិភ័យខ្ពស់នៃការឆ្លង ដូចជាបុគ្គលិកពេទ្យជាដើម តាំងតែពីខែកក្កដាមកម្ល៉េះ ស្ថិតនៅក្រោមកម្មវិធីប្រើប្រាស់ ក្នុងករណីចាំបាច់បន្ទាន់។ អាជ្ញាធរចិនត្រូវគេមើលឃើញថា អាចនឹងចាប់ផ្តើមពង្រីកការប្រើប្រាស់ វ៉ាក់សាំងសាកល្បងទាំងនេះ ដើម្បីព្យាយាមទប់ស្កាត់ការឆ្លងរាលដាល កំឡុងរដូវស្លឹកឈើជ្រុះ ឬរដូវរងាខាងមុខ (ចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១)។
ចិនមិនបានបញ្ជាក់ឲ្យច្បាស់ថា មានមនុស្សប៉ុន្មាននាក់ត្រូវបានចាក់វ៉ាក់សាំង ឬក៏វ៉ាក់សាំងប្រភេទមួយណា ដែលត្រូវបានប្រើប្រាស់នោះឡើយ។ ប៉ុន្តែមុនការចាប់ផ្តើមកម្មវិធីប្រើប្រាស់ក្នុងករណីចាំបាច់បន្ទាន់ខាងលើ ដែលប្រព្រឹត្តទៅកាលពីខែកក្កដា យោធាចិនបានអនុញ្ញាតឲ្យប្រើវ៉ាក់សាំងរបស់ CanSino កាលពីមិថុនា។
គួរបញ្ជាក់ថា នៅក្នុងខែមិថុនាដដែលនោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋក្នុងប្រទេសចិន បានរាយការណ៍ថា បុគ្គលិកនៅតាមបណ្តាក្រុមហ៊ុនរដ្ឋ ដែលត្រូវធ្វើដំណើរចេញក្រៅប្រទេស ទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ (ចាក់) វ៉ាក់សាំងមួយប្រភេទ ក្នុងចំណោមពីរប្រភេទរបស់ក្រុមហ៊ុន CNBG៕
ប្រភព៖ សារព័ត៌មាន CNA និង Reuters (ថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០)