(ឡុងដ៍)៖ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យមួយចំនួន នៅទូទាំងចក្រភពអង់គ្លេស បានចំណាយពេលវិភាគ និងសិក្សាទៅលើលទ្ធផលអង្កេតរបស់ផ្កាយរណប កាលពីចន្លោះឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៧ ស្តីអំពីស្ថានភាពផ្ទាំងទឹកកកនៅលើផែនដី ហើយនៅទីបំផុតពួកគេបានរកឃើញថា ភពរបស់យើងបានបាត់បង់ទឹកកក ក្នុងបរិមាណយ៉ាងច្រើនសម្បើម ស្ទើរតែមិនគួរឲ្យជឿ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Science Alert នៅថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០។
លទ្ធផលនៃការសិក្សានោះបានរកឃើញថា ភពផែនដីបានបាត់បង់ទឹកកកដល់ទៅ ២៨ទ្រីលានតោនក្នុងរយៈពេលត្រឹម ២៣ឆ្នាំ។ ប្រការនេះ អាចបណ្តាលឲ្យនីវ៉ូទឹកសមុទ្រកើនឡើងកម្ពស់ខ្លាំង គឺប្រហែលជាអាចដល់កម្រិត ១ម៉ែត្រនៅចុងសតវត្សរ៍នេះ។ ការកើនឡើងនៃនីវ៉ូទឹកសមុទ្រមានន័យថា មនុស្សរាប់សិបលាននាក់ ដែលរស់នៅតាមតំបន់ទីវាលទំនាបជុំវិញពិភពលោក នឹងត្រូវប្រឈមការបាត់បង់ដីរបស់ពួកគេ ដោយសារតទឹកជន់លិច។
មិនតែប៉ុណ្ណោះ ការបាត់បង់ទឹកកកយ៉ាងគំហុកនៅផែនដី ក៏អាចបង្កផលវិបាកធ្ងន់ធ្ងរដទៃទៀតផងដែរ រួមមានទាំងការប៉ះពាល់ដល់ជីវចម្រុះ ក្នុងដែនសមុទ្រនៅតំបន់ប៉ូលខាងជើង និងប៉ូលខាងត្បូងផែនដី ក៏ដូចជាការចុះទន់ខ្សោយសមត្ថភាពរបស់ភពយើង ក្នុងការរុញច្រានសារធាតុវិទ្យុសកម្មពីព្រះអាទិត្យ ឲ្យត្រឡប់ទៅកាន់ទីអវកាសវិញផងដែរ។
សម្រាប់មូលហេតុ ដែលបាននិងកំពុងបង្កឲ្យផ្ទាំងទឹកកកលើផែនដីរលាយនោះ គឺគ្មានអ្វីក្រៅពីការកើនឡើងកម្តៅភពផែនដី ដោយសារតែការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ និងឧស្សាហកម្មរីកចំរើន ព្រមទាំងការកាប់បំផ្លាញព្រៃឈើ ក៏ដូចជាសកម្មភាពបំផ្លាញបរិស្ថានធម្មជាតិ របស់មនុស្សនៅលើភពផែនដីនេះឡើយ។
គួរជម្រាបផងដែរថា កាលពីថ្មីៗកន្លងទៅនេះ ក្រុមអ្នកស្រាវជ្រាវនៅអាមេរិក បានរកឃើញថា កោះគ្រីនលែន (Greenland) របស់ប្រទេសដាណឺម៉ាក ស្ថិតនៅជិតប៉ូលខាងជើងផែនដី បាននិងកំពុងបាត់បង់ផ្ទាំងទឹកកក ក្នុងបរិមាណយ៉ាងឆាប់រហ័ស បើធៀបនឹងកម្រិតព្រិលដែលធ្លាក់នៅទីនោះ ពោលកម្រិតរលាយរបស់ផ្ទាំងទឹកកកធំបំផុត លំដាប់ទីពីរលើផែនដីមួយនេះវាលឿនជាងកម្រិត នៃការកកើតទឹកកករបស់វាទៅទៀត៕