(ខេនណូហ្សា)៖ យុវវ័យអាយុ ១៧ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួន ក្រោយពីរូបគេបានធ្វើការបាញ់ប្រហារ នាំឲ្យបាតុករចំនួន ០២នាក់ស្លាប់ និងម្នាក់រងរបួស កំលុងការធ្វើបាតុកម្ម ទាមទាររកយុត្តិធម៌ឲ្យបុរសស្បែកខ្មៅម្នាក់ឈ្មោះ ហ្សាខូប ប្លេក (Jacob Blake)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០។
បាតុកម្មតវ៉ានៅក្នុងទីក្រុង Kenosha បានផ្ទុះឡើង ក្រោយវីដេអូមួយបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃអាទិត្យកន្លងទៅបង្ហាញថា បុរសស្បែកខ្មៅម្នាក់ឈ្មោះ Jacob Blake ត្រូវបានប៉ូលិសស្បែកសម្នាក់ បាញ់ចំខ្នងជាច្រើនគ្រាប់ កំឡុងបុរសរូបនេះកំពុងព្យាយាមដើរចូលក្នុងរថយន្ដវិញ។ កូនទាំងបីនាក់របស់លោក Blake នៅក្នុងរថយន្ដបានឃើញឪពុករបស់ខ្លួន រងការបាញ់ប្រហារដោយផ្ទាល់ភ្នែក។
បច្ចុប្បន្នបុរសស្បែកខ្មៅ Blake ដែលមានអាយុ ២៩ឆ្នាំ កំពុងសម្រាកព្យាបាលក្នុងទីក្រុង មីលវ៉ូគី (Milwaukee) ដោយស្ថិតក្នុងស្ថានភាពនឹងនរ ក្នុងបន្ទប់សង្រ្គោះបន្ទាន់ ក្រោយទទួលការវះកាត់រួចរាល់។ ចំណែកឯមន្ត្រីប៉ូលិស ០២នាក់ ដែលជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារនេះត្រូវបានព្យួរ ការងារជាបណ្ដោះអាសន្ន ហើយការស៊ើបអង្កេតមួយត្រូវរៀបចំឡើង ដើម្បីរកការពិតថាតើហេតុអ្វីបានជា Jacob Blake ត្រូវប៉ូលិសបាញ់ប្រហារ។
គួរបញ្ជាក់ថា ការចាប់ខ្លួនយុវវ័យអាយុ ១៧ឆ្នាំ ត្រូវបានធ្វើឡើងក្រោយការធ្វើបាតុកម្មថ្ងៃទី ៣ កាលពីយប់ថ្ងៃអង្គារ ទី២៥ ខែសីហា (ពេលវេលានៅអាមេរិក) ដោយមន្ត្រីប៉ូលិសរដ្ឋ Wisconsin បានអះអាងថា មនុស្សមួយក្រុមដែលបង្ហាញខ្លួនចេញមក ដូចជាក្រុមសកម្មប្រយុទ្ធ បានធ្វើការបាញ់ប្រហារក្រុមបាតុករស្លូតត្រង់។ ជនសង្ស័យជាខ្មាន់កាំភ្លើងខាងលើនេះ មានឈ្មោះថា ខាល រីតធិនហោស៍ (Kyle Rittenhouse) ត្រូវបានចាប់ខ្លួននៅរដ្ឋអ៉ីលីណយស៍ (Illinoi) តាមរយៈកិច្ចសហការជាមួយអាជ្ញាធរ Wisconsin៕