(វ៉ាស៊ីនតោន)៖ នៅយប់ថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) អនុប្រធានាធិបតីអាមេរិកបច្ចុប្បន្នលោក ម៉ៃក៍ ភែន (Mike Pence) បានទទួលយកការតែងតាំងជាផ្លូវការ សម្រាប់តំណែងដដែលនេះនៅអាណត្តិទី ២ របស់គណបក្សសាធារណរដ្ឋ សម្រាប់ការបោះឆ្នោតប្រធានាធិបតី នៅដើមខែវិច្ឆិកាខាងមុខ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០។
លោក Pence បានថ្លែងនៅក្នុងសន្និបាតជាតិ នៃគណបក្សសាធារណរដ្ឋ ចំពេលដែលសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងភាពច្របូកច្របល់ ដោយសារខ្យល់ព្យុះកំណាច ឡូរ៉ា (Laura) ដែលកំពុងវាយប្រហាររដ្ឋតិចសាស់ និងរដ្ឋ ល្វីស្យាណា (Louisiana) ព្រមទាំងវិបត្តិជំងឺរាតត្បាតសកល COVID-19 ដែលនៅតែកំពុងបន្ត ផ្តាច់អាយុជីវិតរបស់ពលរដ្ឋអាមេរិក។
នៅចំពោះមុនបញ្ហាទាំងអស់នេះ លោក Pence នៅតែបង្ហាញសុទិដ្ឋិនិយម អំពីជ័យជំន្នះរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ សម្រាប់អាណត្តិទី ២។ ជាមួយគ្នានេះ បុគ្គលជំនិតបំផុតរបស់លោក ត្រាំ រូបនេះក៏បានវាយប្រហារខ្លាំងៗ ទៅលើលោក ចូ បៃដិន (Joe Biden) និងគណបក្សប្រជាធិបតេយ្យផងដែរ។
លោក Pence បានគូសបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យ មិនមានឆន្ទៈក្នុងការបញ្ឈប់ការបះបោរ ដែលបានផ្ទុះឡើងនៅទូទាំងប្រទេស ជុំវិញការស្លាប់របស់លោក ចច ហ្វ្លយដ៍ (George Floyd) និងនាង ប្រេអូនណា ថាយឡឺ (Breonna Taylor) និងថ្មីនេះគឺការបង្ករបួសដល់បុរសស្បែកខ្មៅម្នាក់ទៀតឈ្មោះ ហ្សាខូប ប្លេក (Jacob Blake) នោះឡើយ ព្រោះថាកាលពីសប្តាហ៍មុនលោក Joe Biden មិនបាននិយាយសូម្បីតែមួយម៉ាត់អំពីអំពើហិង្សា និងភាពវឹកវរ ដែលកំពុងឡោមព័ទ្ធទីក្រុងនានា នៅទូទាំងប្រទេសនោះទេ។
គួរបញ្ជាក់ថា លោក Mike Pence ធ្លាប់ត្រូវបានអ្នកជំនាញមួយចំនួន លើកឡើងថា ជាមនុស្សជំនិត និងមានឥទ្ធិពលបំផុតទៅលើលោក ដូណាល់ ត្រាំ ជាពិសេសផ្នែកនយោបាយការបរទេស ហើយលោកក៏ជាបុគ្គលមួយរូប ដែលបានជួយគាំទ្រលោក ត្រាំ យ៉ាងពេញទំហឹងឲ្យទទួលបានជោគជ័យ នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ផងដែរ៕