(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០ បានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួន ៤៤១ករណីបន្ថែមទៀត ដែលជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុត គិតចាប់តាំងពីថ្ងៃទី០៧ ខែមីនាមកម្ល៉េះ និងនាំឲ្យករណីឆ្លងសរុបទូទាំងប្រទេសកើនដល់ ១៨,៧០៦ករណី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០។
ក្នុងចំណោមករណីឆ្លងថ្មីៗនេះ ១៥៤ករណីស្ថិតនៅទីក្រុងសេអ៊ូល (Seoul), និង ១០០ករណីផ្សេងទៀតស្ថិតនៅខេត្តគ្យុងជី (Gyeonggi) ខណៈ ៣១៣ករណីទៀតស្ថិតនៅតំបន់ជុំវិញទីក្រុងសេអ៊ូល រួមបញ្ចូលទាំងទីក្រុងអ៊ីនឈន់ (Incheon) ភាគខាងលិចផងដែរ។ ទន្ទឹមនឹងនេះ ចំនួនអ្នកស្លាប់នៅកូរ៉េខាងត្បូងក៏កើនដល់ ៣១៣នាក់ផងដែរ ខណៈអ្នកជំងឺសរុបចំនួន ១៤,៤៦១នាក់បានជាសះស្បើយឡើងវិញ និងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។
គួរបញ្ជាក់ គិតចាប់តាំងពីថ្ងៃទី០៣ ខែមករាកន្លងមកនេះ ប្រទេសកូរ៉េខាងត្បូងបានពិនិត្យសំណាករក COVID-19 លើមនុស្សជាង ១,៨៦លាននាក់ ក្នុងនោះមនុស្សចំនួន ១,៧៩៨,៨៣២នាក់បានធ្វើតេស្តអវិជ្ជមាន និង ៥២,០៤១នាក់កំពុងស្ថិតលើការត្រួតពិនិត្យនៅឡើយ៕