(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ បានបង្កើនការប្រកាសអាសន្ន ដល់កម្រិតពណ៌ទឹកក្រហម ចំពោះព្យុះទីហ្វុងប៉ាវី (Bavi) ដែលជាកម្រិតធ្ងន់ធ្ងរបំផុត ខណៈប្រទេសកូរ៉េខាងជើងវិញ ក៏បានបង្កើនការប្រុងប្រយ័ត្នខ្ពស់ផងដែរ បន្ទាប់ពីព្យុះនេះបានមកដល់ តំបន់ឆ្នេរសមុទ្រកូរ៉េខាងត្បូងកាលពីយប់ថ្ងៃពុធ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០។
នៅចំពោះមុនបញ្ហានេះ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចេញការប្រកាសអាសន្ន ដើម្បីការពារផលដំណាំ និងគ្រោះថ្នាក់ផ្សេងៗ ដែលអាចបង្កដោយព្យុះទីហ្វុងនេះ ព្រមជាមួយគ្នានេះ លោកក៏បានបង្គាប់ឲ្យប្រទេសទាំងមូល បង្កើនការប្រុងប្រយ័ត្ន ចំពោះហានិភ័យពីការឆ្លងជំងឺ COVID-19 ផងដែរ។
មជ្ឈមណ្ឌលឧតុនិយមជាតិកូរ៉េបានឲ្យដឹងថា ព្យុះទីហ្វុង (Bavi) បានវាយប្រហារ និងបង្កឲ្យមានគ្រោះរអិលបាក់ដី ស្ថិតនៅចម្ងាយ ៥០គីឡូម៉ែត្រ ភាគនិរតីនៃរដ្ឋធានីព្យុងយ៉ាង (Pyongyang) នាព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ដោយឡែក សម្រាប់ប្រទេសកូរ៉េខាងត្បូងវិញ បានរាយការណ៍ពីការខូតខាតតិចតួចបំផុត ខណៈដែលជើងហោះហើរអន្តរជាតិ និងក្នុងស្រុកត្រូវបានលុបចោល។
មជ្ឈមណ្ឌលឧតុនិយមជាតិចិន ក៏បានចេញផ្សាយព័ត៌មានទៀតថា ចាប់ពីព្រឹកថ្ងៃពុធ ទៅដល់ព្រឹកថ្ងៃព្រហស្បតិ៍ព្យុះនេះបានវាយប្រហារ នៅតាមតំបន់ឆ្នេរមួយចំនួនរួមមាន កោះតៃវ៉ាន់, ខេត្តហ្វូចៀន (Fujian) និងខេត្តជីជាំង (Zhejiang) ផងដែរ។ ទន្ទឹងគ្នានេះ តំបន់ខ្លះទៀតនៃខេត្ត ជីលីន (Jilin) និងខេត្ត ហឺប៉ី (Hebei) នឹងមានភ្លៀងធ្លាក់រហូតដល់ ១៨០មីលីម៉ែត្រ។
គួរបញ្ជាក់ថា កាលដើមខែមុន កូរ៉េខាងជើងបានរងគ្រោះដោយសារព្យុះភ្លៀង និងទឹកជំនន់ធ្ងន់ធ្ងររួចមកហើយ ដែលបានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការផ្គត់ផ្គង់ស្បៀងអាហារនៅក្នុងប្រទេស បន្ទាប់ពីទឹកជំនន់ជន់លិចផ្ទះរាប់រយខ្នង និងបានបំផ្លាញដីដាំដុះស្រូវយ៉ាងច្រើនផងដែរ៕