(វ៉ាស៉ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) បានព្រមានថា អំពើហិង្សានឹងរីករាលដាល នៅពាសពេញទីក្រុងរបសអាមេរិក ប្រសិនបើលោក ចូ បៃដិន (Joe Biden) ឈ្នះបានសេតវិមាននៅខែវិច្ឆិកាខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០។
កំឡុងការថ្លែងសុន្ទរកថាមួយក្នុងសន្និសីទបក្សសាធារណរដ្ឋ លោក Pence បាននិយាយដូច្នេះថា «ការពិតជាក់ស្តែង គឺអ្នកទាំងអស់គ្នានឹង មិនមានសុវត្ថិភាពឡើយនៅក្នុងសហរដ្ឋអាមេរិក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Joe Biden»។ លោកអនុប្រធានាធិបតីអាមេរិកបាន ចាត់ទុកការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិក ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជាការជ្រើសរើសរវាងច្បាប់-សន្តិសុខសណ្តាប់ធ្នាប់ និងភាពវឹកវរ-អនាធិបតេយ្យ»។
លោក Mike Pence បានរិះគន់លោក Biden ដែលបាននិយាយថា នៅក្នុងសហរដ្ឋអាមេរិក គឺមានភាពលម្អៀងប្រឆាំងជនជាតិភាគតិច និងមានការរើសអើងពូជសាសន៍ ជាលក្ខណៈប្រព័ន្ធ។ លោក Pence បានបន្តថា ប្រសិនបើលោក Joe Biden ឈ្នះឆ្នោត លោក Biden នឹងផ្តោតលើគោលនយោបាយ ដែលអនុញ្ញាតឲ្យមានអំពើហិង្សាកាន់តែកើនឡើង នៅពាសពេញទីក្រុងអាមេរិក។
គួរជម្រាបថា កាលពីចុងសប្តាហ៍មុន ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏ធ្លាប់បានលើកឡើងដែរថា អាមេរិកនឹងគ្មានសុវត្ថិភាពនោះទេ ប្រសិនបើបក្សប្រជាធិបតេយ្យ ដែលមានលោក Biden ជាបេក្ខជនប្រធានាធិបតី ជាប់ឆ្នោតនោះ។ បច្ចុប្បន្ននេះបាតុកម្មតវ៉ាបានផ្ទុះ ឡើងសាជាថ្មីនៅសហរដ្ឋអាមេរិក បន្ទាប់ពីមានករណីប៉ូលិសបាញ់ប្រហារ លើបុរសស្បែកខ្មៅម្នាក់នៅរដ្ឋ Wisconsin កាលពីថ្ងៃអាទិត្យកន្លងទៅ៕