(ហាណូយ)៖ ក្រសួងកសិកម្មវៀតណាមបានឱ្យដឹងថា ខ្លួនបានសម្លាប់សត្វជ្រូកសរុប ៤៣,១៥០ក្បាល ឬស្មើនឹងទម្ងន់ ២,១៥៧តោនចាប់តាំងពីដើមឆ្នាំ២០២០មក ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺប៉េសជ្រូកអាហ្វ្រិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០។
នៅក្នុងរបាយការណ៍របស់ខ្លួន ក្រសួងកសិកម្មវៀតណាមក៏បានឱ្យដឹងដែរថា មកទល់នឹងពេលនេះសហគមន៍ចំនួន ១៩៩ នៃស្រុកចំនួន ១៧ នៅក្នុងខេត្ត និងទីក្រុងចំនួន ១៩ នៅទូទាំងប្រទេសនៅតែបន្តរាយការណ៍ពីការរកឃើញ ករណីឆ្លងរាលដាលជំងឺប៉េសជ្រូកអាហ្វ្រិកដដែល ក្នុងរយៈពេល ២១ថ្ងៃចុងក្រោយនេះ។
ម្យ៉ាងវិញទៀត នៅក្នុងឆ្នាំ២០២០នេះ ជំងឺប៉េសជ្រូកបានឆ្លងរាលដាលខ្លាំងជាងគេ នៅតំបន់ភ្នំភាគខាងជើងវៀតណាម ក្នុងនោះរួមមានទាំងខេត្ត ឡាងសុន (Lang Son), កាវប៊ែង (Cao Bang) និងខេត្ត បាកកាន (Bac Kan)។ កាលពីឆ្នាំ២០១៩ ជំងឺប៉េសជ្រូកអាហ្វ្រិក បានឆ្លងរាលដាលនៅទូទាំងខេត្ត និងទីក្រុងទាំងអស់ក្នុងប្រទេសវៀតណាម នាំសត្វជ្រូកងាប់ ឬត្រូវបានពិឃាដចំនួន ៥.៩លានក្បាល៕