(ហ្សឺណេវ)៖ អ្នកនាំពាក្យអង្គការសុខភាពពិភពលោក(WHO) នៅថ្ងៃសុក្រនេះបានលើកឡើងថា WHO មិនរំពឹងថានឹងមានវ៉ាក់សាំង COVID-19 ចែកចាយជាលក្ខណៈទ្រង់ទ្រាយធំឡើយ រហូតទាល់តែពាក់កណ្តាលឆ្នាំ២០២១ ដោយបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការត្រួតពិនិត្យយ៉ាងម៉ត់ចត់លើប្រសិទ្ធភាព និងសុវត្ថិភាពរបស់វា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែតមួយនៅឯទីក្រុងហ្សឺណេវ នៅថ្ងៃសុក្រនេះអ្នកនាំពាក្យ WHO លោកស្រី Margaret Harris បានលើកឡើងយ៉ាងដូច្នេះថា «យើងមិនរំពឹងថានឹងឃើញមានវ៉ាក់សាំង COVID-19 ចែកចាយទូលំទូលាយក្នុងពេលឆាប់ៗនេះទេ រហូតទាល់តែពាក់កណ្តាលឆ្នាំក្រោយ... ខណៈដំណាក់កាលទី៣នៃការតេស្តវ៉ាក់សាំង វាត្រូវការពេលវេលាយូរ ពីព្រោះយើងត្រូវការសិក្សាឲ្យបានច្បាស់លាស់ពីប្រសិទ្ធភាព និងសុវត្ថិភាពរបស់វា»។
ជាមួយគ្នានេះ អ្នកនាំពាក្យ WHO រូបនេះ ថែមទាំងបានសង្កត់ធ្ងន់ទៀតថា រហូតមកទល់ពេលនេះ មិនទាន់មានបេក្ខភាពវ៉ាក់សាំងណាមួយ ដែលបានបង្ហាញច្បាស់លាស់ពីប្រសិទ្ធភាពបានត្រឹម ៥០% តាមស្តង់ដាដែលអង្គការសុខភាពពិភពលោកទាមទារនោះទេ បើទោះបីជាមានវ៉ាក់សាំង COVID-19 ជាច្រើនប្រភេទ មកពីបណ្តាក្រុមហ៊ុនផលិតឱសថធំៗនៅជុំវិញពិភពលោក បានប្រកាសពីភាពជោគជ័យលើការធ្វើតេស្តនៅដំណាក់កាលទី១ និងទី២ ក៏ដោយ។
គួរជម្រាបថា កាលពីដើមខែសីហាកន្លងទៅ ប្រទេសរុស្ស៊ីបានចុះបញ្ជីទទួលស្គាល់វ៉ាក់សាំង COVID-19 របស់ខ្លួនជាផ្លូវការ និងមុនគេបង្អស់នៅលើពិភពលោក។ តែទោះយ៉ាងណា វ៉ាក់សាំងដែលបានឆ្លងកាត់ការធ្វើតេស្តលើមនុស្ស មិនបានពីរខែស្រួលបួលផងនេះ បាននាំឲ្យក្រុមជំនាញកំពូលៗនៃប្រទេសលោកខាងលិច ជាពិសេសមន្ត្រីជំនាញ អង្គការសុខភាពពិភពលោក (WHO) ព្រមាន ក៏ដូចជាណែនាំឲ្យរុស្ស៊ីពិនិត្យអំពីប្រសិទ្ធភាពនិងសុវត្ថិភាពឲ្យល្អិតល្អន់ជាមុនសិន មុនយកទៅប្រើប្រាស់៕