(ព្រុចសែល)៖ អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg នៅថ្ងៃសុក្រនេះបាននិយាយថា បណ្តាប្រទេសសម្ព័ន្ធមិត្តអង្គការ NATO បានព្រមព្រៀងថា ប្រទេសរុស្ស៉ីត្រូវតែសហការយ៉ាងពេញលេញមួយ ជាមួយអង្គការហាមឃាត់អាវុធគីមី OPCW ក្នុងការស៊ើបអង្កេតដោយមិនលំអៀងមួយ ជុំវិញសំណុំរឿងបំពុលមេបក្សប្រឆាំងរុស្ស៉ីលោក Alexei Navalny។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងាសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០។
តាមរយៈសន្និសីទសារព័ត៌មានមួយ នៅថ្ងៃសុក្រនេះ លោក Jens Stoltenberg បានលើកឡើងបែបនេះថា «ការប្រើប្រាស់អាវុធគីមីណាមួយ គឺជាការបង្ហាញពីការមិនគោរពដល់អាយុជីវិតមនុស្ស និងជាការរំលោភយ៉ាងធ្ងន់ធ្ងរដែលមិនអាចទទួលយកបានទេ ចំពោះបទដ្ឋាននិងច្បាប់អន្តរជាតិ»។
ទន្ទឹមគ្នានោះ អគ្គលេខាធិការអង្គការ NATO រូបនេះ បានសង្កត់ធ្ងន់ថា «សម្ព័នមិត្ត NATO បានយល់ស្របគ្នាថា រុស្ស៉ីមានចំណួរដ៏ធ្ងន់ធ្ងរមួយ ដែលខ្លួនត្រូវតែឆ្លើយជាចាំបាច់។ រដ្ឋាភិបាលរុស្ស៉ីត្រូវតែសហការយ៉ាងពេញលេញជាមួយអង្គការ OPCW លើការស៊ើបអង្កេតលក្ខណៈអន្តរជាតិដោយមិនលំអៀង ជុំវិញសំណំរឿងបំពុលលោក Navalny»។
គួរជម្រាបថា លោក Alexei Navalny ដែលជាមេដឹកនាំគណបក្សប្រឆាំងរុស្ស៉ី និងជាអ្នករិះគន់ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ឥតសំចៃមាត់ បានសន្លប់បន្ទាប់ពីទទួលទានទឹកតែ ដែលត្រូវបានក្រុមអ្នកគាំទ្ររបស់លោកអះអាងថា មានជាតិពុល ខណៈកាលពីថ្ងៃទី០២ ខែកញ្ញាកន្លងទៅ រដ្ឋាភិបាលអាល្លឺម៉ង់បានអះអាងថា មេបក្សប្រឆាំងរូបនេះ ត្រូវបានបំពុលដោយសារធាតុពុលម្យ៉ាង ដែលបំផ្លាញប្រព័ន្ធប្រសាទឈ្មោះថា Novichok។
ក្រោយត្រូវគេបំពុលនៅរុស្ស៉ី លោក Navalny ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យនៅអាល្លឺម៉ង់ ដើម្បីជួយសង្រ្គោះ។ បច្ចុប្បន្នស្ថានភាពលោក ត្រូវក្រុមគ្រូពេទ្យអាល្លឺម៉ង់អះអាងថា មានភាពប្រសើរឡើងជាងមុន ប៉ុន្តែលោកកំពុងបន្តស្ថិតក្នុងបន្ទប់សង្រ្គោះបន្ទាន់ដដែល៕