(វ៉ាស៊ីនតោន)៖ មន្ត្រីសេតវិមានអាមេរិកបានឲ្យដឹងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងរៀបចំពិធីចុះហត្ថលេខាមួយនាថ្ងៃទី១៥ ខែកញ្ញា ស្តីពីកិច្ចព្រមព្រៀងភ្ជាប់ទំនាក់ទំនងជាផ្លូវការ រវាងប្រទេសអ៉ីស្រាអែល និងអេមីរ៉ាតអារ៉ាប់រួម ដោយវាត្រូវបានចាត់ទុកថា ជាកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តនៅតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០។
ក្រោយឆ្លងកាត់កិច្ចចរចារយៈពេល ១៨ខែ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានយល់ព្រមបង្កើតទំនាក់ទំនង ឡើងវិញជាមួយអ៉ីស្រាអែល ជាថ្នូរនឹងអ៉ីស្រាអែលយល់ព្រមបញ្ឈប់ផែនការ លេបត្របាក់ទឹកដីនៅតំបន់ វែសត៍ប៊ែង (West Bank)។ តាមរយៈកិច្ចព្រមព្រៀងនេះ អេមីរ៉ាតអារ៉ាប់រួមក្លាយជាប្រទេសអារ៉ាប់ទី ៣ ដែលមានទំនាក់ទំនងការទូតផ្លូវការជាមួយអ៉ីស្រាអែល បន្ទាប់ពីអេហ្ស៊ីប និងហ្សកដានី។
នាយករដ្ឋមន្ត្រីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានបង្ហោះសារនៅលើបណ្តាញ Twitter យ៉ាងដូច្នេះថា លោកមានមោទនភាពខ្លាំងណាស់ ចំពោះការអញ្ជើញរបស់លោកប្រធានាធិបតី ត្រាំ នៅក្នុងពិធីជាប្រវត្តិសាស្ត្រនៅឯសេតវិមាន ដែលជាមូលដ្ឋានគ្រឹះ នៃសន្ធិសញ្ញាសន្តិភាពរវាងអ៉ីស្រាអែល និងអេមីរ៉ាតអារ៉ាប់រួម។ ទនឹ្ទងគ្នានេះដែរ លោក ត្រាំ និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ក៏រំពឹងផងដែរថា ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងបណ្តាប្រទេសអារ៉ាប់ដទៃទៀត នឹងដើរតាមជំហានរបស់អេមីរ៉ាតអារ៉ាប់រួម ក្នុងការទទួលស្គាល់ប្រទេសអ៉ីស្រាអែល។
ដោយឡែកប្រទេសអ៉ីរ៉ង់វិញ ដែលប្រទេសអេមីរ៉ាតអារ៉ាប់រួម, អ៉ីស្រាអែល និងសហរដ្ឋអាមេរិកចាត់ទុកថា «មហាអំណាច និងកំពូលអ្នកបង្ករឿងនៅមជ្ឈិមបូព៌ា» បានច្រានចោលកិច្ចព្រមព្រៀងនេះទាំងស្រុង ដោយសារតែកិច្ចព្រមព្រៀងនេះ មិនបានបញ្ជាក់ពីផែនការសន្តិភាពច្បាស់លាស់ ដើម្បីដោះស្រាយជម្លោះរាប់ទសវត្សរ៍រវាងអ៉ីស្រាអែល និងប៉ាឡេស្ទីននោះទេ។
គួរបញ្ជាក់ថា មេដឹកនាំប៉ាឡេស្ទីនបានហៅកិច្ចព្រមព្រៀងនេះថា «ជាការក្បត់ និង ចាក់ពីក្រោយខ្នង» ប៉ុន្តែប៉ាឡេស្ទីនបានស្ងាត់មាត់ទៅវិញ នៅមុនកិច្ចប្រជុំកំពូលនៃសម្ព័ន្ធអារ៉ាប់នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធសប្តាហ៍នេះ៕