(វីនស្តុន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារសប្តាហ៍នេះ បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់លោក ដើម្បីធ្វើឲ្យប្រទេសចិនក្លាយជា «ប្រធានបទដ៍ក្តៅគគុក» ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅសហរដ្ឋអាមេរិក ក្រោយលោកផ្ទាល់បានចោទប្រកាន់ លោកចូន បៃ ដិន (Joe Biden) ថាជាអ្នកគាំទ្រពិភពលោកដ៏ផ្កាប់មុខ ដែលមូលហេតុចម្បងនាំឲ្យបាត់បង់ទីផ្សារការងារ នៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០។
ក្នុងយុទ្ធនាការបោះឆ្នោតនៅឯព្រលានយន្តហោះនៅ វីនស្តុនសាឡេម (Winston-Salem) ស្ថិតក្នុងរដ្ឋណតស៍ខារ៉ូលីណា (North Carolina) លោក ត្រាំ បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្ររាប់ពាន់នាក់ថា គោលនយោបាយរបស់លោក បៃដិន គឺធ្វើឡើងនៅក្នុងប្រទេសចិន ចំណែកឯគោលនយោបាយលោក គឺធ្វើឡើងនៅសហរដ្ឋអាមេរិក។
ប្រទេសចិនបានក្លាយជាប្រធានបទដ៏ក្តៅគគុក នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ខណៈការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុននេះ។ តាំងពីដើមរៀងមក លោក ត្រាំ បានចោទប្រកាន់លោក បៃដិន ថាបាន «គាំទ្រគោលនយោបាយពាណិជ្ជកម្ម ដែលនាំឲ្យធ្លាក់ចុះទីផ្សារការងារក្នុងស្រុក»។ លើសពីនេះ យុទ្ធនាការរបស់លោកប្រធានាធិបតីរូបនេះ ក៏បានចោទប្រកាន់លោក បៃ ដិន និងលោកស្រី ខាម៉ាឡេ ហារីស (Kamala Harris) ដែលនឹងប្រឆាំងកិច្ចប្រឹងប្រែងរបស់រដ្ឋបាលលោក សម្រាប់ពន្លឿនការបង្កើតវ៉ាក់សាំងជំងឺ COVID-19 ខណៈដែលពួកគេទាំងពីរកំពុងព្យាយាមបង្វែរឿងនេះ ឲ្យទៅជាអាវុធនយោបាយ។
សម្រាប់លោក បៃដិន វិញក៏ធ្លាប់បានរិះគន់លោក ត្រាំ ផងដែរថា ប្រធានាធិបតីរូបនេះបានដាក់ទណ្ឌកម្មលើកសិករអាមេរិក និងវិស័យឧស្សាហកម្មផ្សេងៗទៀត តាមរយៈការបង្កើនពន្ធគយ លើទំនិញដែលនាំចូលពីចិន។ លោកអតីតអនុប្រធានាធិបតីរូបនេះ ក៏បានស្តីបន្ទោសលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់លោក ត្រាំ ជាមួយប្រទេសចិន ថាមិនបានផ្តល់ផលប្រយោជន៍អ្វី ដល់វិស័យឧស្សាហកម្មនៅអាមេរិក ដូចដែលលោកបានសន្យាកាលពីខែមុននោះទេ។
លោក បៃដិន បានបន្ថែមទៀតថា «លោក ត្រាំ ទៅវិញទេដែលបានបង្វែបញ្ហាទាំងអស់ខាងលើនេះ ឲ្យទៅជាអាវុធនយោបាយ»។ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានកុហុសអំពីភាពធ្ងន់ធ្ងរនៃជំងឺរាតត្បាតសកល COVID-19 ដែលបានសម្លាប់ជីវិតពលរដ្ឋអាមេរិកាំងជិត ២០០,០០០នាក់ និងបានបង្កឲ្យបាត់បង់ការងាររាប់លាន ហើយការធានារបស់លោក ត្រាំ អំពីសុវត្ថិភាពវ៉ាក់សាំងមិនអាចទុកចិត្តបាននោះទេ។ នេះបើតាមសម្តីរបស់លោក ចូ បៃដិន។
គួរបញ្ជាក់ថា រដ្ឋ North Carolina គឺជារដ្ឋមួយដ៏សំខាន់ក្នុងចំណោមរដ្ឋមួយចំនួនតូច ដែលអាចកំណត់ជោគវាសនា នៃការបោះឆ្នោតនាពេលខាងមុននេះបាន។
លោក ចូន បៃដិន បានបដិសេធសំណើសុំការអត្ថាធិប្បាយ ចំពោះការលើកឡើងចុងក្រោយរបស់លោក ត្រាំ។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោក បៃដិន មិនបានរៀបចំយុទ្ធនាការផ្លូវការណាមួយទេ ប៉ុន្តែគ្រោងនឹងថ្លែងសុន្ទរកថានៅទីក្រុង វ៉ារែន (Warren) រដ្ឋមីឈីហ្គែន (Michigan) នៅថ្ងៃពុធនេះជុំវិញបញ្ហាទាក់ទងនឹងការងារ នៅក្នុងវិស័យឧស្សាហកម្ម នៅសហរដ្ឋអាមេរិក៕