(វែលលីងតុន)៖ គណបក្សពលករដែលជាបក្សកាន់អំណាចសព្វថ្ងៃ នៅក្នុងប្រទេសនូវែលសេឡង់ របស់លោកស្រីនាយករដ្ឋមន្ត្រី ចេស៊ីនដា អាដឺម (Jacinda Ardern) បានសន្យាថា នឹងពន្ធលើប្រជាជនទាំងឡាយណា ដែលរកបានប្រាក់ចំណូលខ្ពស់ ប្រសិនបើខ្លួនអាចបន្តដឹកនាំប្រទេស ឬក៏ទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោតសកលនៅខែតុលាខាងមុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០។
ការសន្យាខាងលើធ្វើឡើងដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក ហ្គ្រែនត៍ រ៉ូប៊ឺតសុន (Grant Robertson) និងបន្ទាប់ពីការស្ទង់មតិជាច្រើនបានបង្ហាញថា គណបក្សពលកររបស់លោកស្រី Ardern អាចនឹងទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោតសកលនៅខែតុលាខាងមុខ។ បើតាមលោក Robertson រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សពលករ នឹងដំឡើងពន្ធ ៣៩ភាគរយ លើអ្នកដែលរកបានប្រាក់ចំណូលច្រើនជាង ១៨០,០០០ដុល្លារនូវែលសេឡង់ ឬស្មើនឹង ១១៩,០០០ដុល្លារអាមេរិក ខណៈគោលនយោបាយថ្មីមានគោលដៅបង្កើនប្រាក់ចំណូលប្រចាំឆ្នាំ ៥៥០លានដុល្លារនូវែលសេឡង់។
ទោះជាយ៉ាងនេះក្ដី លោករដ្ឋមន្ត្រីហិរញ្ញវត្ថុរូបនេះនៅតែបញ្ជាក់ដដែលថា ការយកពន្ធនេះនៅមានកម្រិតទាប ជាងប្រទេសក្បែរខាង នោះគឺអូស្រ្ដាលី ដែលបានយកពន្ធ ៤៧ភាគរយពីអ្នករកបានប្រាក់ចំណូលខ្ពស់ជាង ១៨០,០០០ដុល្លារអូស្រ្ដាលី ឬស្មើនឹង ១៣០,០០០ដុល្លារអាមេរិក។ បច្ចុប្បន្នអត្រាពន្ធលើប្រាក់ចំណូលខ្ពស់បំផុត នៅក្នុងប្រទេសនូវែលសេឡង់គឺ ៣៣ភាគរយ លើអ្នកដែលរកបានចំណូលខ្ពស់ជាង ៧០,០០០ដុល្លារនូវែលសេឡង់៕