(កាប៊ុល)៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានបានបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ១០នាក់បានស្លាប់ និង១៥នាក់ផ្សេងទៀតរងរបួស នៅការក្នុងការវាយប្រហារដោយគ្រាប់បែកទៅលើក្បួនរថយន្តរបស់អនុប្រធានាធិបតីទី១ នៃប្រទេសអាហ្វហ្គានីស្ថានលោក អាមរូលឡា សាលេ (Amrullah Saleh) នៅទីក្រុងកាប៊ុលកាលពីព្រឹកថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន ស៉ីនហួរ នារសៀលថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០។
អ្នកនាំពាក្យខាងលើគឺលោក តារិគ អារៀន (Tariq Arian) បានដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ យ៉ាងហោចប្រមាណ១០នាក់បានបាត់បង់ជីវិត និង១៥ នាក់ផ្សេងទៀត រួមមានទាំងកងអង្គរក្សរបស់លោកអនុប្រធានាធិបតីផងដែរនោះ បានទទួលរងរបួសជាដំណំ។ លោក Arian បន្តទៀតថា ចំនួនអ្នកស្លាប់និងរបួសអាចមានការផ្លាស់ប្តូរ ខណៈការស៊ើបអង្កេតលើករណីនេះ កំពុងតែបន្តប្រព្រឹត្តទៅ។
តាមការលើកឡើងនៅក្នុងឃ្លីបវិដេអូមួយ ដែលបង្ហោះនៅលើគណនី Facebook ផ្ទាល់របស់លោក Saleh អនុប្រធានាធិបតីអាហ្វហ្គានីស្ថាន រូបនេះ បានបង្ហាញថា លោកបានរងរបួសស្រាលនៅដៃខាងឆ្វេង និងរលាកតិចតួចនៅលើមុខ។ ចំណែកឯកូនប្រុសរបស់លោក ដែលធ្វើដំណើររួមគ្នានៅក្នុងរថយន្ដ ដែលមានការការពារពីគ្រាប់បែកយ៉ាងរឹងមាំ គឺមិនបានរងរបួសអ្វីឡើយ។
សាក្សីម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ ថា ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ៧៖៣៥នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងនៅទីក្រុងកាប៊ុល) នៅឯទីលានសាប៊ីកា (Sabiqa) នៃតំបន់តៃម៉ានី (Taimani) ក្នុងបរិវេណសង្កាត់ទី៤ របស់ទីក្រុងកាប៊ុល ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ សាក្សីរូបនោះ បានបន្ថែមទៀតថា ការផ្ទុះគ្រាប់បែកក៏បានបណ្តាលឲ្យមានការបំផ្លិចបំផ្លាញ នៅក្នុងតំបន់កើតហេតុគួរឲ្យកត់សម្គាល់ផងដែរ។
គួរជម្រាបថា ករណីផ្ទុះគ្រាប់បែកនាថ្ងៃពុធនេះ កើតឡើងស្របពេលដែលកិច្ចចរចាសន្តិភាពរវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងពួកតាលីបង់កំពុងតែវិវត្តទៅមុខ។ ដោយឡែករហូតមកទល់ពេលនេះ មិនទាន់មានក្រុមណាមួយ ចេញមុខប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕