(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ក្រសួងការពារជាតិនៃកោះតៃវ៉ាន់ នៅថ្ងៃពុធនេះ បានអះអាងថា យន្ដហោះចម្បាំងចិនជាច្រើនគ្រឿង បានហោះចូលមកក្នុងដែនអាកាសនៃតំបន់ភាគនិរតីរបស់ខ្លួន ដែលនេះគឺជាសកម្មភាពបង្កអស្ថេរភាព និងគំរាមកំហែងដល់សន្តិភាពនៅក្នុងតំបន់។

 

២៖ ចំនួនករណីឆ្លង COVID-19 នៅក្នុងប្រទេសហ្វីលីពីន បានបន្តកើនដល់ ២៤៥,១៤៣នាក់ បន្ទាប់ពីក្រសួងសុខាភិបាលនៃប្រទេសអាស៊ានមួយនេះ បានប្រកាសរកឃើញករណីឆ្លងថ្មី ៣,១៧៦នាក់ថែមទៀត នៅថ្ងៃពុធនេះ។

 

៣៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានបានបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ១០នាក់បានស្លាប់ និង១៥នាក់ផ្សេងទៀតរងរបួស នៅការក្នុងការវាយប្រហារ ដោយគ្រាប់បែកទៅលើក្បួនរថយន្តរបស់អនុប្រធានាធិបតីទី១ នៃប្រទេសអាហ្វហ្គានីស្ថានលោក អាមរូលឡា សាលេ (Amrullah Saleh) នៅទីក្រុងកាប៊ុល កាលពីព្រឹកថ្ងៃពុធនេះ។

 

៤៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារសប្តាហ៍នេះ បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់លោក ដើម្បីធ្វើឲ្យប្រទេសចិនក្លាយជា «ប្រធានបទដ៍ក្តៅគគុក» ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅសហរដ្ឋអាមេរិក ក្រោយលោកផ្ទាល់បានចោទប្រកាន់ លោកចូន បៃ ដិន (Joe Biden) ថាជាអ្នកគាំទ្រពិភពលោកដ៏ផ្កាប់មុខ ដែលមូលហេតុចម្បងនាំឲ្យបាត់បង់ទីផ្សារការងារ នៅក្នុងសហរដ្ឋអាមេរិក។

 

៥៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងចិន CanSino Biologics បានទាត់ចោលការព្រួយបារម្ភ និងការសង្ស័យរបស់ក្រុមអ្នកជំនាញមួយចំនួន ចំពោះប្រសិទ្ធភាពនៃ វ៉ាក់សាំង COVID-19 របស់ខ្លួន ដោយអះអាងថា ការវាយតម្លៃមិនគួរធ្វើឡើងដោយមិនមានទិន្នន័យគ្រប់គ្រាន់ពីការធ្វើតេស្ដនោះទេ។

 

៦៖ មន្ត្រីសេតវិមានអាមេរិកបានឲ្យដឹងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងរៀបចំពិធីចុះហត្ថលេខាមួយនាថ្ងៃទី១៥ ខែកញ្ញា ស្តីពីកិច្ចព្រមព្រៀងភ្ជាប់ទំនាក់ទំនង ជាផ្លូវការ រវាងប្រទេសអ៉ីស្រាអែល និងអេមីរ៉ាតអារ៉ាប់រួម ដោយវាត្រូវបានចាត់ទុកថា ជាកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តនៅតំបន់មជ្ឈិមបូព៌ា៕