(វ៉ាស៊ីនតោន)៖ យោធាអាមេរិក នៅថ្ងៃពុធនេះ បានប្រកាសថា នឹងកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួនដែលមានវត្តមាននៅក្នុងប្រទេសអ៊ីរ៉ាក់ ពីចំនួន៥,២០០នាក់ មកត្រឹម ៣,០០០នាក់ ក្នុងកំឡុងខែកញ្ញានេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នៅថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០។
មេបញ្ជាការនៃទីបញ្ជាការកណ្ដាលកងទ័ពអាមេរិក នាយឧត្ដមសេនីយ៍ ហ្វ្រេង ម៉ាកខេនហ្ស៊ី (Frank McKenzie) បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធនេះ ថា «សហរដ្ឋអាមេរិក បានសម្រេចកាត់បន្ថយវត្តមានកងទ័ព នៅក្នុងប្រទេសអ៉ីរ៉ាក់ពីចំនួន ៥,២០០នាក់ មកត្រឹម ៣,០០០នាក់វិញ នៅក្នុងកំឡុងខែកញ្ញានេះ»។
នៅក្នុងសេចក្តីថ្លែងការដដែលនេះ នាយឧត្ដមសេនីយ Frank McKenzie បានភ្ជាប់មកជាមួយមូលហេតុនៃការសម្រេចចិត្តនេះថា គឺដោយសារតែសហរដ្ឋអាមេរិក មើលឃើញពីភាពរីកចម្រើនដ៏អស្ចារ្យរបស់កងកម្លាំងអ៊ីរ៉ាក់ ដែលបានសហការយ៉ាងល្អប្រសើរជាមួយដៃគូចម្រុះរបស់ខ្លួន ក៏ដូចជាការមានទំនុកចិត្តលើសមត្ថភាព របស់កងកម្លាំងអ៊ឺរ៉ាក់ ក្នុងការធ្វើប្រតិបត្តិការដោយឯករាជ្យ។
គួរជម្រាបថា បច្ចុប្បន្នកងទ័ពអាមេរិកប្រមាណ ៥,២០០នាក់ កំពុងមានវត្តមាននៅតាមមូលដ្ឋានយោធាទូទាំងប្រទេសអ៊ីរ៉ាក់ ដើម្បីជួយជ្រោមជ្រែងកងទ័ពអ៊ីរ៉ាក់ ទប់ស្កាត់ ការងើបឡើងមកវិញ នៃក្រុមភេរវករ ISIS។ កងទ័ពអាមេរិកទាំងអស់នោះ ត្រូវបានបញ្ជូនមកកាន់ទឹកដីអ៊ីរ៉ាក់ ក្រោមផ្នែកនៃក្រុមកម្លាំងយោធាចម្រុះអន្តរជាតិ ដែល រដ្ឋាភិបាលអ៉ីរ៉ាក់បានស្នើដោយផ្ទាល់ កាលពីឆ្នាំ២០១៤ ដើម្បីមកជួយប្រយុទ្ធតតាំងជាមួយពួក ISIS ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លា៕