(វ៉ាស៊ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍នៅថ្ងៃពុធសប្តាហ៍នេះថា និស្សិត និងបុគ្គលិកនៃសាកលវិទ្យាល័យ ធិនណេសស៊ី (Tennessee)ច្រើនជាង ២,១០០នាក់ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ខណៈដែលជំងឺរាតត្បាតសកល COVID-19 បានផ្ទុះឡើងនៅក្នុងបរិវេណសាកលវិទ្យាល័យនៅទីក្រុង ណក់វីល (Knoxville) ក្នុងរដ្ឋ Tennessee ភាគខាងត្បូងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០។
តាមរយៈរបាយការណ៍ចេញផ្សាយដោយទូរទស្សន៍ CNN បានឲ្យដឹងថា បច្ចុប្បន្ននេះមានមនុស្សសរុបចំនួន ២,១១២នាក់ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក) ក្នុងនោះ ១,៩៣៩នាក់ជានិសិត្ស។ សាកលវិទ្យាធិការនៃសកលវិទ្យាល័យ Tennessee លោកស្រី ដុន ផ្លូវមែន (Donde Plowman) បានគូសបញ្ជាក់ថា ករណីឆ្លងនៅក្នុងបរិវេណសាកលវិទ្យាល័យ កំពុងតែបន្តកើនឡើងយ៉ាងឆាប់រហ័ស ដូចនេះហើយយើងត្រូវការវិធានការបន្ថែមទៀត ដើម្បីទប់ស្កាត់ការចម្លងនេះ។ លោកស្រី Plowman បានបន្តទៀតថា សាកលវិទ្យាល័យទាំងមូលមានករណីឆ្លងសុរប ៦០០ករណីគិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ ក្នុងចំណោមអ្នកឆ្លងជំងឺទាំងអស់ គឺ ៥៩២នាក់ជានិស្សិត និង ០៨នាក់ជាបុគ្គលិក។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មហាវិទ្យាល័យនិងសាកលវិទ្យាល័យនានានៅទូទាំងសហរដ្ឋអាមេរិកបានរាយការណ៍ពី ករណីឆ្លងជំងឺ COVID-19 សរុបច្រើនជាង ៣៧,០០០ករណី ខណៈសាលារៀនខ្លះត្រូវសម្រេចចិត្តផ្អាកជាបណ្តោះអាសន្នដោយសារតែខ្លាចផ្ទុះជំងឺនេះកាន់តែធ្ងន់៕