(ញូដេលី)៖ ប្រទេសឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ថ្មីៗរហូតដល់ទៅ ៩៥,៧៣៥នាក់តែក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ដែលប្រការនេះមិនត្រឹមតែជាការបំបែកកំណត់ត្រាថ្មីនោះឡើយ តែថែមទាំងបានធ្វើឲ្យចំនួនករណីឆ្លងសរុប កើនដល់ជាង ៤.៤៦លានករណីផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០។
ក្រៅពីចំនួនអ្នកឆ្លងថ្មីៗកើនឡើងយ៉ាងគំហុក ចំនួនអ្នកជំងឺ COVID-19 ដែលបានបាត់បង់ជីវិតបន្ថែមទៀតនោះ ក៏ត្រូវបានកត់ត្រារហូតដល់ ១,១៧២នាក់ផងដែរនៅក្នុងរយៈ ២៤ម៉ោងដូចគ្នា។ ចំនួនអ្នកស្លាប់នៅឥណ្ឌាពេលនេះមានសរុបជាង ៧៥,០០០នាក់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ ក៏បានកើនឡើងដល់ជាង ៣.៤៧លាននាក់ផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះទាំងសហរដ្ឋអាមេរិក និងឥណ្ឌា ដែលស្ថិតនៅលេខរៀងទី ១ និងទី ២ នៃករណីឆ្លង COVID-19 ធ្ងន់ធ្ងរជាងគេលើលោកនោះ សុទ្ធតែកំពុងស្ថិតនៅក្នុងសន្ទុះនៃការឆ្លងរាតត្បាត កម្រិតខ្ពស់ផ្តាច់គេនៅឡើយ ខណៈដែលប្រទេសប្រេស៊ីល បានថមថយវិញបន្តិចទៅហើយ។ ទោះជាបែបនេះក្តី ប្រទេសឥណ្ឌាក៏កំពុងសិក្សាអំពីការបើកសាលារៀនឡើងវិញ និងសម្រួលចរន្តសេដ្ឋកិច្ចឲ្យបានធូរស្រាលផងដែរ៕