(ឡុងដ៍)៖ ក្រុមហ៊ុនផលិតឱសថអាស្ត្រាហ្សេណកា (AstraZeneca) នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា វ៉ាក់សាំង COVID-19 នៅតែអាចចេញជារូបរាង នៅចុងឆ្នាំ២០២០នេះ បើទោះបីជាខ្លួនបានប្រកាសផ្អាកជាបណ្តោះអាសន្ននូវការធ្វើតេស្តវ៉ាក់សាំង នៅដំណាក់កាលចុងក្រោយក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Wall Street Journal នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០។
នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតឱសថដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេសខាងលើ គឺលោក ផាស្កាល់ សូរៀត (Pascal Soriot) បានលើកឡើងនៅក្នុងព្រឹត្តិការណ៍តាមអនឡាញមួយស្តីអំពីអនាគតពិភពលោកបន្ទាប់ពីជំងឺរាតត្បាត នៅថ្ងៃព្រហស្បតិ៍នេះថា «យើងនៅតែអាចទទួលបានវ៉ាក់សាំង COVID-19 នៅចុងឆ្នាំនេះ ឬមួយក៏នៅខ្ទង់ដើមឆ្នាំក្រោយ»។
គួរជម្រាបថា ការគូសបញ្ជាក់បែបនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន AstraZeneca កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសផ្អាកជាបណ្តោះអាសន្ន នូវការធ្វើតេស្តបេក្ខភាពវ៉ាក់សាំងរបស់ខ្លួន ដែលកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការតេស្តសាកល្បងលើមនុស្ស ក្រោយអ្នកស្ម័គ្រចិត្តចូលរួមធ្វើតេស្តម្នាក់នៅចក្រភពអង់គ្លេស ហាក់បង្ហាញអាការៈចម្លែក។
គណៈកម្មាធិការឯករាជ្យមួយ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យនិងវាយតម្លៃលើសុវត្ថិភាពវ៉ាក់សាំង និងដើម្បីស្ទាបស្ទង់មើលថាតើ ការធ្វើតេស្តនឹងអាចត្រូវចាប់ផ្តើមឡើងវិញបាននៅពេលណា។ ក្រុមហ៊ុន AstraZeneca ត្រូវបានបណ្តាប្រទេសលោកខាងលិចផ្តល់ក្តីសង្ឃឹមខ្ពស់បំផុត ក្នុងការអភិវឌ្ឍវ៉ាក់សាំង COVID-19 ដោយមានការកក់ទុកមុនរាប់រយពាន់លានដូសរួចទៅហើយ៕