(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ខ្លួនបានទប់ស្កាត់ការវាយប្រហារតាមប្រព័ន្ធអ៉ីនធើណិត ជាច្រើនលើកកាលពីពេលថ្មីៗនេះ ដែលជាក្រុម hackers មានប្រភពចេញពីប្រទេសរុស្ស៊ី ចិន និងអ៊ីរ៉ង់ ដោយមានគោលដៅទៅលើ ក្រុមយុទ្ធនាការ របស់លោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន តែម្តង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០។
ខណៈការបោះឆ្នោតប្រធានាធិបតីអាមេរិកអាណត្តិថ្មី នៅសល់តែជិត ២ខែទៀតនឹងមកដល់នោះ ក្រុមហ៊ុនបច្ចេកវិទ្យា និងបណ្តាញសង្គមធំៗរបស់សហរដ្ឋអាមេរិកមានដូចជា Google, Microsoft, Twitter និង Facebook ជាដើម សុទ្ធតែបានប្រកាសចេញនូវ វិធានការរៀងៗខ្លួន ដើម្បីទប់ស្កាត់ការវាយប្រហារតាមប្រព័ន្ធអ៉ីធើណិត និងការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលនាំឲ្យបង្អាក់ដល់ដំណើរការបោះឆ្នោត។
ជុំវិញបញ្ហាខាងលើនេះ នាយករងមួយរូបនៃក្រុមហ៊ុន Microsoft លោក ថម ប៊ឺន (Tom Burt) បានលើកឡើងថា «នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្រុមហ៊ុន Microsoft បានទប់ស្កាត់ការវាយប្រហារតាមប្រព័ន្ធអ៉ីនធើណិត ដែលមានគោលដៅទៅលើបុគ្គល និងស្ថាប័ននានា ដែលចូលរួមនៅក្នុងយុទ្ធនាការបោះឆ្នោត ក្នុងនោះមានទាំងការវាយប្រហារ ដោយមិនបានជោគជ័យទៅលើមនុស្ស ដែលធ្វើការងារឲ្យលោក ត្រាំ និងលោក បៃដិន ផងដែរ»។
គួរបញ្ជាក់ថា នេះមិនមែនជាការចោទប្រកាន់លើកទីមួយនោះឡើយ ដោយកាលពីខែមុននេះ មន្ត្រីសន្តិសុខជាតិអាមេរិក ក៏បានចេញសារព្រមានដូចគ្នាដែរ អំពីលទ្ធភាពនៃការវាយប្រហារ តាមប្រព័ន្ធអ៉ីនធើណិត ទៅលើយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី។ ជុំវិញការចោទប្រកាន់ខាងលើនេះ ប្រទេសចិនធ្លាប់បានចេញមុខច្រានចោល និងអះអាងតបទៅអាមេរិកវិញថា ខ្លួនគ្មានចំណាប់អារម្មណ៍ ឬក៏សម្លឹងឃើញផលប្រយោជន៍អ្វី ពីការវាយប្រហារ លើយុទ្ធនាការបោះឆ្នោត នៅសហរដ្ឋអាមេរិកនោះឡើយ៕