(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្ត្រកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានឲ្យដឹងថា បំណែកទឹកកកដែលមានទំហំធំជាងទីក្រុងប៉ារីសទៅទៀត បានដាច់ចេញពីផ្ទាំងទឹកកកដ៏ធំមួយ នៅភាគឦសានកោះគ្រីនលែន (Greenland) របស់ដាណឺម៉ាក ដោយសារតែកំណើនសីតុណ្ហភាព។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០។
បំណែកទឹកកកនោះមានទំហំប្រហែលជា ១១៣គីឡូម៉ែត្រក្រឡា បានរបេះចេញពីផ្ទាំងទឹកកកយ៉ាងធំមួយនៅភាគឦសាន Greenland។ បើតាមក្រុមអ្នកវិទ្យាសាស្រ្ត ការរបេះបំណែកផ្ទាំងទឹកកកនេះត្រូវគេរំពឹងទុកជាមុន ដោយសម្អាងលើហេតុផលនៃកំណើនសីតុណ្ហភាព ជាមធ្យមនៅតំបន់កោះ Greenland។
ទីភ្នាក់ងារភូគព្ភសាស្ត្រដាណឺម៉ាក-គ្រីនលែន ហៅកាត់ថា GEUS ក៏បានចេញផ្សាយរូបភាពផ្កាយរណបដែលបង្ហាញពី បំណែកផ្ទាំងទឹកកកដែលបានរបេះចេញនោះផងដែរ។ ខណៈការរបេះបំណែកផ្ទាំងទឹកកកជារឿងធម្មតាមែន ប៉ុន្តែជាទូទៅពួកវាមិនមានទំហំធំបែបនេះទេ។
យោងតាមរបាយការណ៍របស់ GEUS ចាប់តាំងពីឆ្នាំ១៩៩៩ មកទល់ឥឡូវ ផ្ទាំងទឹកកកធំនោះរបស់កោះ Greenland បានបាត់បង់ទឹកកក អស់ប្រមាណជា ១៦០គីឡូម៉ែត្រក្រឡាហើយ ខណៈល្បឿននៃការកាត់បង់គឺកាន់តែលឿនទៅៗ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។
ប្រសិនបើរដូវក្តៅកាន់តែកើនឡើងកម្តៅដូចតាមការសង្កេតរបស់ក្រុមអ្នកវិទ្យាសាស្រ្ត ក្នុងកំឡុង២ឆ្នាំចុងក្រោយនេះ នោះនីវ៉ូទឹកសមុទ្រនៅជុំវិញពិភពលោក នឹងបន្តកើនឡើងខ្លាំងផងដែរ។ ជាក់ស្តែងចន្លោះពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៨ ការរលាយនៃផ្ទាំងទឹកកកនៅកោះ Greenland បានរួមចំណែកធ្វើឲ្យកម្ពស់ទឹកសមុទ្រឡើងក្នុងកម្រិត១.១សង់ទីម្រ៉ែត។
គួរបញ្ជាក់ថា តាមការសិក្សាថ្មីមួយ របស់សាកលវិទ្យាល័យលីនខុន (University of Lincoln) នៅចក្រភពអង់គ្លេស បានព្យាករណ៍ថា ផ្ទាំងទឹកកករលាយនៅតំបន់ហ្គ្រីនឡិន អាចនឹងធ្វើឲ្យនីវ៉ូទឹកសមុទ្រកើនឡើងចន្លោះ ១០-១២សង់ទីម៉ែត្រនៅត្រឹមឆ្នាំ២១០០។ សម្រាប់សីតុណ្ហភាពមធ្យមនៅក្នុងតំបន់ Greenland បានកើនឡើងប្រហែល ៣អង្សាសេ ចាប់តាំងពីឆ្នាំ១៩៨០ ហើយត្រូវបានគេរំពឹងថានឹងឈានដល់កម្រិតខ្ពស់មិនធ្លាប់មានមួយនៅឆ្នាំ២០២០នេះ។
ទន្ទឹមគ្នានេះដែរ លោកស្រី Jenny Turton អ្នកស្រាវជ្រាវ នៅឯសកលវិទ្យាល័យមួយនៅប្រទេសអាល្លឺម៉ង់ បានគូសបញ្ជាក់ថា បាតុភូតរលកកម្តៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏បានជួយពន្លឿនការរលាយនៃផ្ទាំងទឹកកកនៅកោះ Greenland ដែរ៕