(វ៉ាស៊ីនតោន)៖ ប្រទេសអ៉ីស្រាអែលបានភ្ជាប់ទំនាក់ទំនងឡើងវិញ ជាមួយសត្រូវដ៏យូរលង់រួមមាន បារ៉ែន និងអេមីរ៉ាត់អារ៉ាប់រួម នៅឯសេតវិមាននៅក្នុងថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ជាទីដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា កិច្ចព្រមព្រៀងស្រដៀងគ្នានេះរវាងអ៉ីស្រាអែល និងបណ្តាប្រទេសអារ៉ាប់ដ៏ទទៃទៀតៗ រួមទាំងអារ៉ាប៊ីសាអូឌីត នឹងអាចកើតមាននាពេលខាងមុខ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២០។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាខាងលើ ក្រោមការចូលរួមពីនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក ប៊ិនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu), រដ្ឋមន្ត្រីការបរទេសបារ៉ែនព្រះអង្គម្ចាស់ អាប់ឌុលឡាធីហ្វ ពិន រ៉ាស៊ីដ អាល់ ហ្សាយ៉ានី (Abdullatif bin Rashid al Zayani) និងរដ្ឋមន្ត្រីការបរទេសអេមីរ៉ាតអារ៉ាប់រួមព្រះអង្គម្ចាស់ អាប់ឌុលឡាហ៍ ពិន ហ្សាយីដ (Abdullah bin Zayed)។
ភ្ញៀវកិត្តិយសរាប់រយនាក់បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ទោះបីជាមានហានិភ័យនៃការឆ្លងវីរុសកូរ៉ូណាក៏ដោយ ប៉ុន្តែមិនមានការចាប់ដៃគ្នា ដើម្បីពង្រឹងកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនោះឡើយ។ ប្រទេសបារ៉ែន និងអេមីរ៉ាត់អារ៉ាប់រួមគឺជាប្រទេសអារ៉ាប់ដំបូងៗគេ ដែលបានបង្កើតទំនាក់ទំនងផ្លូវការជាមួយអ៉ីស្រាអែល គិតចាប់តាំងពីប្រទេសអេហ្ស៊ីបកាលពីឆ្នាំ១៩៧៩ និងហ្សកដានីនៅឆ្នាំ១៩៩៤ ហើយលោក ត្រាំ បានហៅពិធីនេះថាជា «ថ្ងៃប្រវត្តិសាស្ត្រសម្រាប់សន្តិភាពនៅតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីការបែងចែក និងជម្លោះជាច្រើនទសវត្សរ៍»។
លោក ត្រាំ បានគូសបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងដែលប៉ាឡេស្ទីនចាត់ទុកថា ជាការក្បត់ និងចាត់ពីក្រោយខ្នង នឹងបង្កើនជាមូលដ្ឋានគ្រឹះសម្រាប់សន្តិភាពពេញលេញ នៅតំបន់មជ្ឈិមបូព៌ាទាំងមូល។ ចំពោះមុខក្រុមអ្នកសារព័ត៌មាន លោក ត្រាំ បានសង្កត់ធ្ងន់ថា អ៉ីស្រាអែលនឹងចុះកិច្ចព្រមព្រៀងស្រដៀងគ្នានេះ ជាមួយប្រទេសប្រហែលជា ០៩ទៀតក្នុងពេលឆាប់ៗនេះ រួមទាំងមហាអំណាចប្រចាំតំបន់គឺ អារ៉ាប៊ីសាអ៊ូឌីត នៅក្នុងពេលវេលាត្រឹមត្រូវ។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក ប៊ិនចាមីន ណេតាន់យ៉ាហ៊ូ បានហៅថ្ងៃនោះថាជា «គំរូនៃប្រវត្តិសាស្ត្រ» និងបានថ្លែងអំណរគុណដល់លោក ត្រាំ ចំពោះការជ្រោមជ្រែង និងគំនិតផ្តួចផ្តើមរបស់លោក។ លោក ណេតាន់យ៉ាហ៊ូ បានបន្តទៀតថា កិច្ចព្រមព្រៀងនេះបានបង្ហាញពី «ពន្លឺថ្មីនៃសន្តិភាព» និងទីបញ្ចប់នៃជម្លោះរវាងអារ៉ាប់ និងអ៉ីស្រាអែល។ នាយករដ្ឋមន្ត្រីរូបនេះក៏បាននិយាយជាសារជូនទៅកាន់ បណ្តាប្រទេសជាមិត្តរបស់អ៉ីស្រាអែលទាំងអស់នៅមជ្ឈិមបូព៌ា អ្នកដែលឈរជាមួយយើងនៅថ្ងៃនេះ និងអ្នកដែលចូលរួមជាមួយយើងនៅថ្ងៃស្អែកក្រោមពាក្យស្លោកថា «សួស្តីចំពោះសន្តិភាព»៕