(តូក្យូ)៖ នៅទីបំផុតលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) ត្រូវសភាជប៉ុន បោះឆ្នោតគាំទ្រឲ្យធ្វើជានាយករដ្ឋមន្ត្រីថ្មីហើយ បន្ទាប់ពីការប្រកាសលាលែងចេញពីតំណែងជាផ្លូវការ របស់លោក អាបេ ស៊ីនហ្សូ កាលពីប៉ុន្មានម៉ោងមុននេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២០។
លោក Suga Yoshihide ត្រូវបានសភាតំណាងរាស្ត្រជប៉ុន (សភាជាន់ទាប) បោះឆ្នោតគាំទ្រ តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកត្រូវបានគណបក្សកាន់អំណាច (LDP) ដែលមានសំឡេងភាគច្រើនស្រាប់ក្នុងសភានោះ បោះឆ្នោតគាំទ្រឲ្យឡើងជាប្រធានថ្មីរបស់គណបក្សនេះ ហើយជាទម្លាប់ប្រធានគណបក្សកាន់អំណាច តែងតែត្រូវបានជ្រើសតាំង ឲ្យធ្វើជានាយករដ្ឋមន្ត្រី។
គួរបញ្ជាក់ថា បញ្ហាធំៗដែលលោក Suga Yoshihide នឹងត្រូវប្រឈមមុខ នៅក្នុងតំណែងជា នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុនដែលមិនធ្លាប់មានជិត ៨ឆ្នាំមកនេះ នោះគឺការដោះស្រាយវិបត្តិ COVID-19 ដែលកំពុងរីកធំឡើងៗ និងការព្យាយាមសង្គ្រោះសេដ្ឋកិច្ចជប៉ុន ដែលបាននិងកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារតែជំងឺរាតត្បាតសកលនេះ។
កាលពីព្រឹកថ្ងៃពុធនេះ លោក អាបេ ស៊ីនហ្សូ ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រី យូរឆ្នាំ បំផុតនៅក្នុងប្រវត្តិសាស្ត្រ បានប្រកាសលាលែងចេញពីតំណែង និងរំលាយគណៈរដ្ឋមន្ត្រីជាផ្លូវការ ដើម្បីត្រួសត្រាយផ្លូវឲ្យលោក Suga Yoshihide ទទួលការបោះឆ្នោតគាំទ្រពីសភា ក្នុងតំណែងជានាយករដ្ឋមន្ត្រីថ្មី និងរៀបចំបង្កើតរដ្ឋាភិបាលឡើងវិញ។ លោក Suga ត្រូវបានគ្រប់គ្នាដឹងថា ជាមនុស្សជំនិត និងអាចដើរតាមគន្លងនយោបាយសេដ្ឋកិច្ច និងការទូតរបស់លោក អាបេ ទៅមុខទៀត៕