(ប៉េកាំង)៖ មហាសេដ្ឋីអចលនទ្រព្យចិនលោក រិន ជីជាំង (Ren Zhiqiang) ត្រូវបានតុលាការចិនកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៨ឆ្នាំនៅថ្ងៃអង្គារនេះ ពីបទប្រព្រឹត្តអំពើពុករលួយ ស៊ីសំណូក និងកឹបកេងមូលនិធិសាធារណៈ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០។

លោក Ren Zhiqiang ធ្លាប់ជាឥស្សរជនមួយរូបរបស់គណបក្សកុម្មុយនិស្តចិន ដែលបានបាត់ខ្លួនកាលមីនាកន្លងទៅ បន្ទាប់ពីលោកបានសរសេរអត្ថបទរិះគន់យ៉ាងខ្លាំងលើមេដឹកនាំកំពូលចិន ចំពោះវិធានការឆ្លើយតបរបស់រដ្ឋាភិបាល ទៅនឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណា។

យោងតាមសាលដីការបស់តុលាការប្រជាជនទី ២ ប្រចាំទីក្រុងប៉េកាំងបានបង្ហាញថា លោក Ren បានកឹបកេងថវិកាសាធារណៈប្រហែលជា ៥០ លានយ័ន (៧.៤លានដុល្លារអាមេរិក) និងបានទទួលសំណូកក្នុងទំហំទឹកប្រាក់ ១.២៥លានយ័ន។ របាយការណ៍ខាងលើក៏បានគូសបញ្ជាក់ដែរថា មហាសេដ្ឋីវ័យ ៦៩ឆ្នាំរូបនេះបានសារភាពពីបទឧក្រិដ្ឋកម្មរបស់ខ្លួនដោយស្ម័គ្រចិត្ត ហើយនឹងមិនប្តឹងឧទ្ធរណ៍ចំពោះការសម្រេចរបស់តុលាការនោះទេ។ លោកក៏ត្រូវបានតុលាការពិន័យជាប្រាក់ចំនួន ៤.២លានយ័ន (៦២០,០០០ដុល្លារអាមេរិក) ផងដែរ។ ដោយឡែកសម្រាប់ក្រុមអ្នកទាមទារសិទ្ធិមនុស្ស នៅខាងក្រៅប្រទេសចិនវិញ បានចាត់ទុកការសម្រេចខាងលើជាវិធីសាស្រ្តមួយ ដើម្បីបំបិទមាត់ក្រុមអ្នកប្រឆាំងតែប៉ុណ្ណោះ៕