(អូស្លូ)៖ ប្រទេសន័រវែសកំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំង ក្រោយក្រុមសកម្មជនបរិស្ថានបន្តធ្វើតវ៉ាប្រឆាំងឲ្យបញ្ឈប់ការរុករកប្រេង និងឧស្ម័ននៅក្នុងដែនសមុទ្រន័រវែស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នាថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០។
សកម្មជនបរិស្ថានចំនួន៤០នាក់ ដែលតំណាងឲ្យអង្គការ Extinction Rebellion ត្រូវបានអាជ្ញាធរចាប់ខ្លួន បន្ទាប់ពីធ្វើការតវ៉ាឥតឈប់ឈរប្រឆាំងនឹងការរុករកប្រេងរបស់ប្រទេសន័រវែស ព្រមទាំងភាពបរាជ័យរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។
ការតវ៉ានេះផ្ទុះឡើងក្រោយ ក្រុមហ៊ុនអាល្លឺម៉ង់ Wintershall DEA បានប្រកាសថា ខ្លួនបានជួលតំបន់ខួងប្រេងពីក្រុមហ៊ុនន័រវែស Odfjell Drilling សម្រាប់ការរុករកប្រេងបន្ថែមទៀតនៅសមុទ្រន័រវែស និងផ្នែកខាងជើងនៃសមុទ្រខាងជើង (North Sea)។
កំឡុងការតវ៉ាជាបន្តបន្ទាប់ ក្រុមសកម្មជនបរិស្ថានបានប្រមូលផ្តុំគ្នា ដើម្បីបិទផ្លូវ Karl Johan Street ក្នុងចំណោម
ផ្លូវដែលមមាញឹកជាងគេនៅទីក្រុងអូស្លូ និងនៅខាងក្រៅក្រសួងចំនួន០២ទៀតដោយកាន់បដាសរសេរថា «សម័យប្រេងបានបញ្ចាប់ហើយ» និងទាមទារឲ្យប្រទេសន័រវែសចាប់ផ្តើមឡើងវិញទៅលើថាមពលពណ៌បៃតង ដែលមិនសូវប៉ះពាល់ដល់បរិស្ថាន ក្នុងគោលបំណងជុំរុញឲ្យប្រទេសមួយនេះដើរចេញពីថាមពលឥន្ធនៈ។
នៅក្នុងបាតុកម្មមួយទៀត ក្រុមសកម្មជនបានប្រមូលផ្តុំគ្នានៅខាងក្រៅក្រសួងពាណិជ្ជកម្ម និងនេសាទន័រវែស ដោយស្លៀកពាក់សំលៀកបំពាក់អ្នកនេសាទ ហើយចាប់ដៃគ្នាដាក់នៅលើជញ្ជាំងដើម្បីទាមទារឲ្យរដ្ឋាភិបាលទទួលស្គាល់ពីការកើនឡើងកម្តៅផែនដី និងការបំផ្លាញប្រព័ន្ធជីវឧស្ម័ន ហើយពួកគេបានអះអាងថា ឧស្សាហកម្មប្រេង នឹងមិនអាចផ្តល់អនាគតសម្រាប់ប្រជាជនន័រវែសបានឡើយ។
គួររំលឹកដែរថា ការប្រឈមមុខគ្នារវាងក្រុមសកម្មជនបរិស្ថាន និងឧស្សាហកម្មឥន្ធនៈ
គឺជាបញ្ហាក្តៅគគក់នៅក្នុងប្រទេសន័រវែស។ ឧស្សាហកម្មប្រេងនិងឧស្ម័ន គឺជាទំនិញនាំចេញសំខាន់បំផុតចំពោះសេដ្ឋកិច្ចន័រវេសដែលស្មើនឹងពាក់កណ្តាលនៃទំនិញនាំចេញសរុប ដែលអនុញ្ញាតឲ្យប្រទេសមួយនេះបង្កើតមូលនិធិវិនិយោគ (Sovereign wealth fund) ធំជាងគេបំផុតរបស់ពិភពលោកដែលមានតម្លៃជាង ១ពាន់ពាន់លានដុល្លារ។
គួរញ្ជាក់ថា ចលនា Extinction Rebellion ឬហៅកាត់ថា XR គឺជាអង្គការបរិស្ថានលក្ខណៈពិភពលោកមួយដែលយកគំរូតាម Greenpeace និងចលនាផ្សេងៗទៀត ដែលផ្តោតលើការតវ៉ាដោយអហិង្សា។ គោលដៅសំខាន់របស់ពួកគេ គឺដើម្បីបង្ខំឲ្យរដ្ឋាភិបាល ចាត់វិធានការពារការដួលរលំនៃប្រព័ន្ធជីវសាស្ត្រនៅលើផែនដី ដែលបង្កឡើងដោយសារមនុស្ស។ បង្កើតឡើងកាលពីឆ្នាំ២០១៨កន្លងទៅ នៅចក្រភពអង់គ្លេស ចលនានេះបានរីករាលដាលនៅពាសពេញលោកខាងលិច។ ប៉ុន្តែ ចលនានេះក៏ត្រូវបានមតិមួយចំនួនចាត់ទុកថា ជាអង្គការជ្រុលនិយម ដែលកំពុងតែព្យាយាមបំផ្លាញប្រព័ន្ធប្រជាធិបតេយ្យ និងនីតិរដ្ឋ ក្រោមលេសនៃការប្រយុទ្ធដើម្បីការពារបរិស្ថានតែប៉ុណ្ណោះ៕