(ព្រុចសែល)៖ មន្រ្តីត្រួតពិនិត្យឱសថអឺរ៉ុបនៅថ្ងៃអង្គារនេះបានប្រកាសថា ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) បានទាក់ទងជាមួយអ្នកអភិវឌ្ឍន៍វ៉ាក់សាំង COVID-19 ដែលមានសក្ដានុពលចំនួន ៣៨ រួចមកហើយគិតត្រឹមខែកញ្ញានេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០។
ប្រធានផ្នែកសិក្សាវេជ្ជសាស្ត្រ លោក ហ្វឺហ្គឹស ស្វីនី (Fergus Sweeney) បានថ្លែងប្រាប់សវនាការមួយនៅក្នុងសភាអឺរ៉ុបថា «នៅដើមខែកញ្ញា EMA បានទាក់ទងជាមួយអ្នកអភិវឌ្ឍន៍វ៉ាក់សាំង COVID-19 ដែលមានសក្តានុពលចំនួន ៣៨ ដោយវ៉ាក់សាំងទាំងនោះ ត្រូវតែមានការអនុញ្ញាតពី EMA ជាមុនសិន មុនពេលវាត្រូវបានផ្ដល់សិទ្ធិឲ្យប្រើប្រាស់ នៅក្នុងសហភាពអឺរ៉ុប»។
លោក Sweeney បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នីតិវិធីរបស់សហភាពអឺរ៉ុបក្នុងការផ្តល់សិទ្ធិចាក់វ៉ាក់សាំង COVID-19 នឹងអនុវត្តទៅតាមបទដ្ឋានដែលត្រូវបានបង្កើតឡើង»។ លោកក៏បានគូសបញ្ជាក់បន្ថែមទៀតថា «សហភាពអឺរ៉ុបកំពុងបង្កើនការត្រួតពិនិត្យបន្ថែម លើសុវត្ថិភាពវ៉ាក់សាំងដែលមានសក្ដានុពលនោះផងដែរ»។
គួរជម្រាបថា អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា បេក្ខភាពវ៉ាក់សាំងចំនួន ៣៨ កំពុងស្ថិតក្នុងការធ្វើតេស្ត រួមទាំងវ៉ាក់សាំងដែលអភិវឌ្ឍន៍នៅប្រទេសចិន និងរុស្ស៊ីផងដែរ ខណៈបេក្ខភាពវ៉ាក់សាំងចំនួន ១៤៩ ផ្សេងទៀតកំពុងស្ថិតក្នុងការវាយតម្លៃនៅឡើយ៕