(អឺរ៉ុប)៖ គិតត្រឹមថ្ងៃពុធនេះ ចំនួនករណីឆ្លងសរុបនៃជំងឺ COVID-19 នៅទូទាំងទ្វីបអឺរ៉ុប បានកើនលើស៥លានករណីហើយ។ នេះបើយោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០។

បើតាម APF រហូតមកទល់ពេលនេះ អឺរ៉ុបទាំងមូលបានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុប ៥,០០០,៤១២ករណី ក្នុងចំណោមចំនួនករណីឆ្លងសរុបនៅទូទាំង សកលលោកជាង ៣១លានករណី។

ម្យ៉ាងវិញទៀត ក្នុងចំណោមករណីឆ្លងសរុបជាង ៥លានករណីខាងលើ មានជាងពាក់កណ្តាល ត្រូវបានរាយការណ៍ចេញពីប្រទេសចំនួនបី គឺប្រទេសរុស្ស៊ី ដែលមានអ្នកឆ្លងសរុប ១,១២២,២៤១ករណី ក្នុងនោះស្លាប់១៩,៧៩៩នាក់។ បន្ទាប់មកគឺប្រទេសអេស្ប៉ាញ មានចំនួនអ្នកឆ្លងសរុប ៦៨២,២៦៧ ក្នុងនោះស្លាប់ ៣០,៩០៤នាក់ និងចក្រភពអង់គ្លេស មានចំនួនអ្នកឆ្លងសរុប ៤០៣,៥៥១ករណី ក្នុងនោះស្លាប់ ៤១,៨២៥នាក់។

មានករណីថ្មីៗជាង ៣៨០,០០០ករណី ត្រូវបានគេរាយការណ៍ កាលពីសប្តាហ៍មុន ដែលជាចំនួនខ្ពស់បំផុតនៅក្នុងតំបន់ គិតចាប់តាំងពីការផ្ទុះរីករាលដាល ជំងឺរាតត្បាតសកលនេះមក៕