(ម៉ូស្គូ)៖ យន្ដហោះចម្បាំងប្រភេទ Su-30 មួយគ្រឿង ដែលបានធ្លាក់នៅឯតំបន់ភាគកណ្ដាលប្រទេសរុស្ស៊ី ទំនងជាត្រូវបានបាញ់ទម្លាក់ដោយភ័ន្តច្រឡំ ពីសំណាក់យន្ដហោះចម្បាំងផ្សេងទៀត កំឡុងសមយុទ្ធយោធាមួយ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន RT នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០។

សារព័ត៌មាន RT បានឱ្យដឹងទៀតថា យន្ដហោះចម្បាំង Su-30 ខាងលើដែលមានតម្លៃជាង ៥០លានដុល្លារ បានធ្លាក់នៅតំបន់ ធ្វែរ (Tver) ភាគកណ្ដាលប្រទេសរុស្ស៊ី កាលពីថ្ងៃអង្គារកន្លងទៅ ហើយពីឡុតទាំងពីរនាក់លើយន្តហោះចម្បាំងនោះ បានចុចឆ័ត្រយោងលោតចេញដោយសុវត្ថិភាព ខណៈយន្ដហោះត្រូវបានបំផ្លាញទាំងស្រុង។

គួរបញ្ជាក់ថា យោធារុស្ស៊ីមិនទាន់អាចពន្យល់ឱ្យច្បាស់ ពីឧប្បដិហេតុខាងលើនេះទេ ខណៈការស៊ើបអង្កេតមួយកំពុងធ្វើឡើង ប៉ុន្តែបើតាមសារព័ត៌មាន RT របាយការណ៍បឋមបង្ហាញថា យន្ដហោះចម្បំាងនេះទំនងជាត្រូវបានបាញ់ទម្លាក់ដោយការភ័ន្តច្រឡំ ដោយយន្ដហោះចម្បាំងផ្សេងទៀត កំឡុងការធ្វើសមយុទ្ធយោធាដ៏ក្តៅគគុក៕