(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជាថ្មីម្ដងទៀតនៅតែប្រកាន់ជំហរដដែល ដោយមិនបានសន្យាឡើយថា នឹងផ្ទេរអំណាចដោយសន្តិវិធី ដែលប្រការនេះកំពុងបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងថា លោកអាចនឹងក្រាញននាលមិនព្រមចុះចេញពីតំណែង នៅពេលចាញ់នៅក្នុងការបោះឆ្នោតប្រធានាធិបតី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០។

ការលើកឡើងបែបនេះរបស់លោក ត្រាំ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯសេតវិមាន នៅថ្ងៃពុធសប្ដាហ៍នេះ និងជាការឆ្លើយតបទៅនឹងសំនួរអ្នកដែលសួរថា តើលោកនឹងផ្ទេរអំណាចដោយសន្តិវិធីដែរឬទេ ប្រសិនបើលោកចាញ់លោក ចូ បៃដិន នៅក្នុងការបោះឆ្នោត? លោក ត្រាំ បានគូសបញ្ជាក់តបវិញយ៉ាងដូច្នេះថា «យើងនឹងបានឃើញ នូវអ្វីដែលនឹងកើតឡើង។ អ្នកទាំងអស់គ្នាបានដឹងហើយថា ខ្ញុំជំទាស់យ៉ាងខ្លាំងនឹងការបោះឆ្នោតតាមប្រៃសនីយ៍ ហើយការបោះឆ្នោតបែបនេះ នឹងនាំឱ្យមានការក្លែងបន្លំសន្លឹកឆ្នោត»

គួរបញ្ជាក់ថា បើតាមការស្ទង់មតិជាច្រើន បច្ចុប្បន្នលោក ចូ បៃដិន បាននិងកំពុងនាំមុខលោក ដូណាល់ ត្រាំ ដោយមានឱកាសខ្ពស់ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ខណៈលោក ត្រាំ កំពុងរងការរិះគន់កាន់តែខ្លាំង ជុំវិញការដោះស្រាយវិបត្តិ COVID-19 ដែលផ្ដាច់ជីវិតប្រជាជនអាមេរិកច្រើនជាង ២សែននាក់។ ទោះជាបែបនេះក្តី អ្នកជំនាញមួយចំនួនយល់ថា ចង់ផ្ដួលប្រធានាធិបតីអាមេរិកម្នាក់កំពុងកាន់អំណាច គឺមិនមែនជារឿងងាយស្រួលឡើយ ខណៈដែលលោក ត្រាំ ក៏កំពុងរិះរកវិធីក្នុងការបង្កើនប្រជាប្រិយភាពខ្លួនឯងផងដែរ ក្នុងនោះមានដូចជាការអភិវឌ្ឍវ៉ាក់សាំង COVID-19 ឲ្យទាន់ពេល និងជាពិសេសនោះគឺសង្គ្រាមពាណិជ្ជកម្មជាមួយចិន៕