(ប៉េកាំង)៖ បេក្ខភាពវ៉ាក់សាំង COVID-19 របស់ចិន ដែលកំពុងឆ្លងកាត់ការធ្វើតេស្ដលើមនុស្សទ្រង់ទ្រាយធំ ក្នុងទីក្រុងម៉ូស្គូ នៃប្រទេសរុស្ស៊ី មិនបានជះឥទ្ធិពលអវិជ្ជមានណាមួយ នៅក្នុងចំណោមអ្នកស្ម័គ្រចិត្តចូលរួមក្នុងធ្វើតេស្ដឡើយ ដែលនេះត្រូវបានចាត់ទុកថា ជាក្តីសង្ឃឹមធំមួយបន្ថែមពីលើវ៉ាក់សាំងរុស្ស៊ី ដែលកំពុងស្ថិតនៅក្នុងការធ្វើតេស្តចុងក្រោយដូចគ្នា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០។
រុស្ស៊ីបានអនុញ្ញាតឱ្យមានការធ្វើតេស្ដលើមនុស្សក្នុងដំណាក់កាលទី ៣ នូវវ៉ាក់សាំង អភិវឌ្ឍឡើងដោយក្រុមហ៊ុនចិន ខេនស៊ីណូ បាយអូឡូជីក (CanSino Biologics) និងក្រុមអ្នកស្រាវជ្រាវមកពីបណ្ឌិត សភាយោធាវិទ្យាសាស្ត្រចិន កាលពីខែសីហាកន្លងទៅ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅក្នុងសប្ដាហ៍នេះ ក្រុមហ៊ុនឱសថរុស្ស៊ី ផេត្រូវ៉ាក់ (Petrovax) ដែលកំពុងសហការជាមួយក្រុមហ៊ុន CanSino បានបញ្ជាក់យ៉ាងដូច្នេះថា «មកទល់ពេលនេះ ក្រុមអ្នកស្ម័គ្រចិត្តចូលរួមក្នុងការធ្វើតេស្ដមានសុខភាពល្អធម្មតា ដោយគ្មាននរណាម្នាក់ រងផលប៉ះពាល់អវិជ្ជមាន ឬធ្លាក់ខ្លួនឈឺនោះឡើយ»។
គួរបញ្ជាក់ថា បើតាមក្រុមហ៊ុន Petrovax បច្ចុប្បន្នខ្លួនទទួលបានអ្នកចុះឈ្មោះស្ម័គ្រចិត្ត ចូលរួមក្នុងការធ្វើតេស្ដវ៉ាក់សាំង Ad5-nCoV របស់ក្រុមហ៊ុន CanSino ច្រើនជាង ៣,០០០នាក់ ជាមួយក្ដីរំពឹងទទួលបានលទ្ធផលបឋម នៅខែវិច្ឆិកាខាងមុខនេះ។ ម្យ៉ាងវិញទៀត នៅពេលវ៉ាក់សាំងចិននេះទទួលបានការចុះបញ្ជី ទទួលស្គាល់ក្នុងប្រទេសរុស្ស៊ី នោះក្រុមហ៊ុន Petrovax អាចនឹងផលិតវ៉ាក់សាំងច្រើនជាង ៤លានដូសក្នុងមួយខែនៅក្នុងឆ្នាំ២០២០នេះ និង ១០លានដូសក្នុងមួយខែនៅឆ្នាំ២០២១៕