(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន AstraZeneca នៅតែបន្តរង់ចាំការសម្រេចចិត្តនិងការអនុញ្ញាតពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ដើម្បីអាចចាប់ផ្ដើមឡើងវិញនូវការធ្វើតេស្ដវ៉ាក់សាំង COVID-19 លើមនុស្ស នៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីបានផ្អាកក្រោមហេតុផលសុវត្ថិភាព អស់រយៈពេលជិត៣សប្ដាហ៍មកនេះ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០។

ការធ្វើតេស្ដវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca នៅក្នុងសហរដ្ឋអាមេរិក ត្រូវបានផ្អាក បន្ទាប់ពីអ្នកចូលរួមក្នុងការធ្វើតេស្ដម្នាក់នៅអង់គ្លេស ធ្លាក់ខ្លួនឈឺកាលពីថ្ងៃទី០៦ ខែកញ្ញាកន្លងទៅ។ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) នៅតែបន្តការស៊ើបអង្កេតនិងផ្អាកធ្វើតេស្ដ ដើម្បីធានាឱ្យបានដាច់ខាតនូវសុវត្ថិភាពនៃវ៉ាក់សាំង របស់ក្រុមហ៊ុនមួយនេះ។

យ៉ាងណាក៏ដោយ ថ្លែងនៅក្នុងវេទិការសេដ្ឋកិច្ចពិភពលោក (World Economic Forum) ពីចំងាយ នាយកប្រតិបត្តិក្រុមហ៊ុន AstraZeneca លោក ប៉ាស្កាល់ សូរៀត (Pascal Soriot) នៅតែមានសង្ឃឹមថាអាចនឹងទទួលបានការអនុញ្ញាតពីសហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗនេះ។ លោក Soriot បានគូសបញ្ជាក់ដូច្នេះថា៖ «យើងនឹងផ្ដលព័ត៌មានទាំងអស់នេះដល់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ហើយកំពុងទន្ទឹងរង់ចាំការសម្រេចចិត្តរបស់ពួកគេ»

គួរបញ្ជាក់ថា បើតាមលោក Soriot អ្នកជំងឺនៅក្នុងចក្រភពអង់គ្លេស ដែលធ្លាក់ខ្លួនឈឺ នៅក្នុងការធ្វើតេស្ដកាលពីថ្ងៃទី០៦ ខែកញ្ញាកន្លងទៅ មិនមានជាប់ពាក់ព័ន្ធនឹងវ៉ាក់សាំងនោះទេ។ ប៉ុន្តែនៅពេលត្រូវបានសាកសួរថាតើហេតុអ្វី ក្រុមហ៊ុន AstraZeneca មិនបង្ហាញព័ត៌មានលម្អិត នាយកប្រតិបត្តិរូបនេះ មិនបាននិយាយអ្វីច្រើនឡើយ ដោយគ្រាន់តែអះអាងថា ក្រុមហ៊ុនគោរពតាមគោលការណ៍រក្សាការសំងាត់នៃព័ត៌មានឯកជនរបស់អ្នកស្ម័គ្រចិត្តចូលរួមក្នុងការធ្វើតេស្ដ៕