(ឡុងដ៍)៖ និស្សិតរាប់រយនាក់ ត្រូវបានបង្គាប់ឲ្យស្ថិតនៅដាច់ដោយឡែក បន្ទាប់ពីមានករណីឆ្លងរាតត្បាតដ៏ធំមួយនៃជំងឺ COVID-19 នៅតាមសកលវិទ្យាល័យមួយចំនួន របស់ចក្រភពអង់គ្លេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០។

ទូរទស្សន៍ BBC បានរាយការណ៍ថា ការផ្ទុះឡើងចុងក្រោយបង្អស់នៅសាកលវិទ្យាល័យ Glasgow បានធ្វើឲ្យនិស្សិតចំនួន ១២៤ នាក់ តេស្តឃើញវិជ្ជមានចំពោះជំងឺ COVID-19 ខណៈនិស្សិតប្រមាណ ៦០០ នាក់ កំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក។ បើតាមសកលវិទ្យាល័យ បានឲ្យដឹងថា ចង្កោមចម្លងនេះត្រូវបានរកឃើញនៅក្នុងសាលស្នាក់នៅរបស់និស្សិតចំនួនពីរកន្លែង ហើយការឆ្លងរីករាលដាលនេះមានលក្ខណៈទ្រង់ទ្រាយធំ ដោយសារតែការធ្វើប្រាស្រ័យទាក់ទងគ្នា នៅពេលចាប់ផ្តើមសប្តាហ៍ដំបូងរបស់និស្សិតថ្មី នៅដើមខែកញ្ញានេះ។

សកលវិទ្យាល័យបានបញ្ជាក់ប្រាប់ទៀតថា និស្សិតណាដែលត្រូវបានគេរកឃើញថា បំពានលើវិធានការដាក់ខ្លួនឲ្យនៅដាច់ដោយឡែកនេះ នឹងត្រូវប្រឈមការផាកពិន័យ រួមទាំងការបញ្ចប់កិច្ចសន្យាស្នាក់នៅ និងការព្យួរការសិក្សាពីសាកលវិទ្យាល័យផងដែរ។

ជុំវិញបញ្ហានេះដែរ កាសែត The Guardian បានរាយការណ៍នៅដើមសប្តាហ៍នេះថា យ៉ាងហោចណាស់មានសាកលវិទ្យាល័យចំនួន ៧ នៅទូទាំងចក្រភពអង់គ្លេស មានករណីឆ្លងរាតត្បាតជំងឺ COVID-19 ក្នុងចំណោមនិស្សិត ដែលការផ្ទុះឡើងនេះ មានជាប់ទាក់ទងនឹងពិធីជប់លៀងរបស់ក្រុមនិស្សិតទើបចូលថ្មី។ រីឯសហព័ន្ធឧត្តមសិក្សាដែលហៅកាត់ថា UCU បានព្រមានថា សាកលវិទ្យាល័យនានា អាចនឹងក្លាយជាកន្លែងថែទាំអ្នកជំងឺ សម្រាប់រលកទី២ នៃជំងឺ COVID-19៕