(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រំា នៅថ្ងៃសុក្រនេះ បានប្រកាសថាលោក និងភរិយាគឺលោកស្រីជំទាវទីមួយ Melania Trump បានធ្វើតេស្ដវិជ្ជមាន COVID-19 ដែលនេះបានបង្កឱ្យមានការព្រួយបារម្ភ និងការសង្ស័យថាតើយុទ្ធនាការឃោសនាបោះឆ្នោត, វេទិកាតស៊ូមតិ រួមទាំងការបោះឆ្នោតប្រធានាធិបតី និងជីវិតនយោបាយ របស់លោក ត្រាំ នឹងទៅជាយ៉ាងណា។

ថ្លែងនៅក្នុងសារមួយបង្ហោះលើ Twitter លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖ «នៅយប់នេះ លោកស្រីជំទាវទី១ និងខ្ញុំបានធ្វើតេស្ដវិជ្ជមាន COVID-19។ យើងនឹងចាប់ផ្ដើមការ ធ្វើចត្តាឡីស័ក ហើយជាសះស្បើយក្នុងពេលឆាប់ៗនេះ...»។ បើតាមលោក Sean P. Conley នៅពេលនេះលោក ត្រាំ និងលោកស្រី Melania មានសុខភាពល្អធម្មតា ហើយលោក ផ្ទាល់ក៏រំពឹងដែរថាលោកប្រធានាធិបតី នឹងបន្តបំពេញការងារដោយមិនមានបញ្ហារំខានអ្វីឡើយ។ លោក Conley បន្ថែមទៀតថា លោកនឹងធ្វើបច្ចុប្បន្នភាពរាល់ស្ថានការណ៍វិវត្តន៍ ទាំងឡាយ។ យ៉ាងណាក៏ដោយ លោក Sean P. Conley ជាគ្រូពេទ្យប្រចាំសេតវិមាន មិនបានបញ្ជាក់លម្អិតពីរោគសញ្ញា ឬថាតើលោក ត្រាំ ឆ្លង COVID-19 យ៉ាងដូចម្ដេចនោះទេ ខណៈប្រកាសពីការឆ្លង COVID-19នេះ កើតមានឡើងបន្ទាប់ពីទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់លោកត្រាំ គឺលោកស្រី Hope Hicks ឆ្លង COVID-19។

*ហានិភ័យ?

បើតាមលោក Sean P. Conley គ្រូពេទ្យប្រចាំសេវិមាន នៅពេលនេះ លោក ត្រាំ និងលោកស្រី Melania មានសុខភាពល្អធម្មតា។ ប៉ុន្តែទន្ទឹមគ្នា ក្រុមគ្រូពេទ្យជាច្រើន បានព្រមាន ថាលោក ត្រាំ អាចនឹងប្រឈមមុខនឹងហានិភ័យខ្ពស់ដោយសារតែអាយុរបស់លោក និងបញ្ហាធាត់លើសទម្ងន់។ លោក ត្រាំ មានអាយុ៧៤ឆ្នាំ ធ្លាប់ត្រូវបានគេរាយការណ៍ថាមាន កម្រិត cholesterol ខ្ពស់ និងមានទម្ងន់២៤៣ផោន ឬស្មើនឹង១១០គីឡួក្រាម។ លោក Barry Dixon ជាវេជ្ជបណ្ឌិតផ្នែកសង្រ្គោះបន្ទាន់ប្រចាំមន្ទីរពេទ្យ St Vincent ក្នុងទីក្រុង Melbourne ប្រទេសអូស្រ្តាលី បាននិយាយថាលោក ត្រាំ អាចនឹងជួបហានិភ័យខ្ពស់ បើសិនជាលោកមានការវិវត្តជំងឺផ្លូវដង្ហើម ដែលអាចនឹងប្រឈមមុខនឹងអត្រាមរណខ្ពស់ ជាពិសេសចំពោះអ្នកជំងឺមានវ័យចំណាស់។ បើតាមការសិក្សាជាច្រើន អ្នកជំងឺ COVID-19 ៨នាក់ក្នុងចំណោម១០នាក់ ដែលស្លាប់នៅក្នុងសហរដ្ឋអាមេរិក គឺក្រុមមនុស្សមានអាយុ ៦៥ឆ្នាំ ឬចាស់ជាងនេះ។ ប៉ុន្តែផ្ទុយពីអ្នកទាំងនេះ លោក ត្រាំ នឹងទទួលបានការថែទាំជាមួយវិធីសាស្រ្តព្យាបាលល្អៗបំផុត។

*តេស្ដវិជ្ជមាន COVID-19 មានន័យដូចម្ដេចចំពោះការបោះឆ្នោត ?

នៅសល់ត្រឹមតែ៣១ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នឹងចូលមកដល់។ លទ្ធផលវិជ្ជមាន COVID-19 អាចនឹងជះឥទ្ធិពលដល់ ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ តទល់ជាមួយបេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន ខណៈលោក ត្រាំកំពុងស្ថិត នៅក្រោមការធ្វើចត្តាឡីស័ក ដោយទាន់មិនមានការកំណត់ពេលជាក់លាក់ ហើយសេតវិមានក៏បានប្រកាសលុបចោលការរៀបចំព្រឹត្តិការណ៍ទាំងអស់ ក្នុងនោះរួមមានទាំងគម្រោង ធ្វើដំណើរទៅកាន់រដ្ឋផ្ល័រីដា ដើម្បីធ្វើយុទ្ធនាការឃោសនាបោះឆ្នោតផងដែរ។ ផលប៉ះពាល់ប្រាកដជាមាន គ្រាន់តែគេមិនទាន់អាចនិយាយបានថាវាធ្ងន់ធ្ងរដល់កម្រិតណាប៉ុណ្ណោះ ស្របពេលលោក ត្រាំ ត្រូវបានគេបញ្ជាក់ថា «មានសុខភាពល្អធម្មតា និងនៅតែមានឱកាសងើបឈរឡើងវិញ»។ តែក្នុងន័យនេះឆ្លៀតឱកាសលោកត្រំា កំពុងធ្វើចត្តាឡីស័ក លោក បៃដិន អាចនឹងប្រើប្រាស់ឱកាសនេះបង្កើនសន្ទុះធ្វើយុទ្ធនាការឃោសនាបោះឆ្នោត នៅតាមរដ្ឋសំខាន់ៗដែលគេស្គាល់ថា «Swing states» ដែលជារដ្ឋអាចកំណត់ពីជោគវាសនា ថាតើនរណានឹងជាប់ឆ្នោតជាប្រធានាធិបតី។

ម្យ៉ាងវិញទៀត វាក៏អាចនឹងបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់លោក ត្រាំ ក្នុងការបង្វែរចំណាប់អារម្មណ៍ពីវិបត្តិ COVID-19 ដែលប្រជាជនអាមេរិកភាគច្រើនត្រូវបានគេស្ទង់មតិថាមិន គាំទ្រដំណោះស្រាយដាក់ចេញដោយរដ្ឋបាលរបស់លោក។ វិបត្តិ COVID-19 គឺជាចំណែកមួយធ្វើឱ្យលោក ត្រាំ ចាញ់លោក ចូ បៃដិន នៅក្នុងការស្ទង់មតិថ្នាក់ជាតិ រួមទាំងវេទិកា តស៊ូមតិកាលពីថ្ងៃអង្គារសប្ដាហ៍មុន។ លោក ត្រាំ ផ្ទាល់ជារឿយៗតែងតែមើលស្រាលពីស្ថានការណ៍ COVID-19, ថាវីរុសនេះនឹងរលាយបាត់ឆាប់ៗ, មិនសូវពាក់ម៉ាសនៅតាម ទីសាធារណៈ, រៀបចំពិធីជួបជុំអ្នកគាំទ្រដោយមិនមានការអនុវត្តពេញលេញតាមវិធានការទប់ស្កាត់នានា ហើយថែមទាំងចំអកលោក បៃដិន ដែលពាក់ម៉ាសទៀតផង។

ក្រោយមក លោក ត្រាំ បានអះអាងប្រាប់អ្នកកាសែតអាមេរិកម្នាក់ថា លោកបានដឹងថា COVID-19 គឺជាជំងឺកាចសាហាវ តែលោកនៅតែនិយាយមើលស្រាលស្ថានការណ៍ ដោយសារមិនចង់ ឱ្យប្រជាជនអាមេរិកភ័យស្លន់ស្លោរ។ នៅក្នុងវេទិកាតស៊ូមតិកាលពីថ្ងៃអង្គារសប្ដាហ៍មុន លោក បៃដិន បានយកបញ្ហានេះវាយប្រហារលើលោក ត្រាំយ៉ាងចាស់ដៃដោយចោទថា លោក ត្រាំ គឺជាប្រធានាធិបតី «គ្មានផែនការ» និងអាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក ដ្បិតលោកបានដឹងមុនទៅហើយថា COVID-19 បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ តែមិនមានផែនការ ទប់ស្កាត់ទាន់ពេលវេលា ជាហេតុធ្វើឱ្យប្រជាជនអាមេរិកជាង២សែននាក់ស្លាប់។ ដូច្នេះការឆ្លង COVID-19 នៅពេលនេះអាចនឹងដាស់ឱ្យប្រជាជនអាមេរិកគិតថា លោក ត្រាំ ប្រហែលជាប្រធានាធិបតី «គ្មានផែនការ» ដូចដែលលោក បៃដិន និយាយក៏ថាបាន។ ក្រោយលោកត្រាំ ឆ្លង COVID-19 អត្រាគំាទ្រនៅក្នុងការស្ទង់មតិថ្នាក់ជាតិបាន ធ្លាក់ចុះ ៨ពិន្ទុ។ នេះបើតាម businessinsider។

*បើលោក ត្រាំ ធ្លាក់ខ្លួនឈឺធ្ងន់ តើនឹងមានអ្វីកើតឡើង?

នៅក្រោមច្បាប់វិសាធនកម្មរដ្ឋធម្មនុញ្ញទី២៥ របស់សហរដ្ឋអាមេរិក ប្រធានាធិបតីអាមេរិកម្នាក់ដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ ឬអសមត្ថភាពបំពេញភារកិច្ច ក្រោមប្រការណាមួយ អាចផ្ទេរអំណាចជាបណ្ដោះអាសន្នឱ្យទៅអនុប្រធានាធិបតី ហើយអាចយកអំណាចមកវិញ នៅពេលជាពីជំងឺ ឬមានសមត្ថភាពបំពេញភារកិច្ចឡើងវិញ។ ចាប់តាំងពីច្បាប់នេះ ត្រូវបានផ្ដល់សច្ចាប័នក្នុងឆ្នាំ១៩៦៧មក ប្រធានាធិបតីអាមេរិក ធ្លាប់ផ្ទេរអំណាចបណ្ដោះអាសន្នបែបនេះចំនួន៣ដង ក្នុងនោះកាលពីឆ្នាំ១៩៨៥ អតីតប្រធានាធិបតីលោក Ronald Reagan បានផ្ទេរអំណាចឱ្យអតីតអនុប្រធានាធិបតី George Bush, អតីតប្រធានាធិបតី George W. Bush បានផ្ទេរអំណាចឱ្យលោកអតីតអនុប្រធានាធិបតី Dick Cheney ក្នុងឆ្នាំ២០០២ និងឆ្នាំ២០០៧។

ដោយឡែក នៅក្រោមច្បាប់បន្តវេនពីប្រធានាធិបតី នៅក្នុងករណីទាំងលោក ដូណាល់ ត្រាំ និងលោកអនុប្រធានាធិបតី Pence អសមត្ថភាពបំពេញភារកិច្ចដោយប្រការណាមួយ នោះប្រធានសភាតំណាងរាស្ត្រ លោកស្រី Nancy Pelosi អាចចូលធ្វើអន្តរាគមន៍។ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក ប្រធានាធិបតីអាមេរិក កំពុងកាន់តំណែងដែលធ្លាប់ឈឺធ្ងន់ធ្ងរស្ទើ តែបាត់បង់ជីវិត កំឡុងការឆ្លងជំងឺរាតត្បាតសកលមានដូចជាលោក George Washington និងលោក Woodrow Wilson។

ក៏ប៉ុន្តែអ្វីដែលសំខាន់ នោះគឺថាលោក ត្រាំ ឆ្លង COVID-19 តែជាង៣១ថ្ងៃទៀតប៉ុណ្ណោះ មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកចូលមកដល់ ដែលនេះបានបង្កឱ្យមានការព្រួយបារម្ភជាច្រើនថាតើការបោះឆ្នោតប្រធានាធិបតី និងវេទិកាតស៊ូមតិចំនួន២លើកទៀត នឹងទៅជាយ៉ាងណា ឬក៏ពន្យារពេលដែរឬទេ។ លោក ត្រាំ ក៏ធ្លាប់បានលើកឡើងពីគំនិត ពន្យារពេលការបោះឆ្នោតផងដែរ។ វេទិកាតស៊ូមតិលើកទី២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែតុលាខាងមុខនេះ ប៉ុន្តែជាធម្មតា អ្នកធ្វើចត្តាឡីស័ក ត្រូវចំណាយពី១០ ទៅ១៤ថ្ងៃ នៅដាច់ដោយឡែកពីអ្នកដទៃ។

គួរបញ្ជាក់ថា ក្រោយលោក ដូណាល់ ត្រាំ និងលោកស្រីជំទាវទី១ ឆ្លង COVID-19 មន្ត្រីជាន់ខ្ពស់ជាច្រើននាក់ទៀត ក្នុងនោះរួមមានទាំងអនុប្រធានាធិបតីលោក Mike Pence ហើយលោក បៃដិន ដែលទើបតែចូលរួមក្នុងវេទិកាតស៊ូមតិជាមួយលោក ត្រាំ ក៏ត្រូវបានគេព្រួយបារម្ភថាអាចនឹងឆ្លង COVID-19ដែរ ស្របពេលអ្នកទាំងនេះកំពុងស្ថិតនៅក្រោម ការពិនិត្យ យ៉ាងយកចិត្តទុកដាក់។ សហរដ្ឋអាមេរិក បច្ចុប្បន្នមានអ្នកឆ្លង COVID-19 សរុបជាង ៧.៤លាននាក់ ក្នុងនោះស្លាប់ ២១២,៦៦០នាក់ និងជាសះស្បើយឡើងវិញ ៤.៧លាននាក់៕

ប្រភព៖ New York Times