(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យរបស់អនុប្រធានាធិបតីអាមេរិក បានចេញមុខមកគូសបញ្ជាក់ថា លទ្ធផលនៃការធ្វើតេស្តរក COVID-19 របស់អនុប្រធានាធិបតី Mike Pence គឺ «អវិជ្ជមាន» ដែលនេះមានន័យថា លោកមិនបានឆ្លងជំងឺ COVID-19 នោះទេ។ សេចក្តីប្រកាសនេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា លោកនិងភរិយាបានឆ្លងជំងឺនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០។ ]
អ្នកនាំពាក្យ លោក ដេវីន អូម៉ល្លី (Devin O'Malley) បានបង្ហោះសារនៅលើ Twitter របស់ខ្លួន នៅថ្ងៃសុក្រនេះថា «ជាទម្លាប់រៀងរាល់ព្រឹក អនុប្រធានាធិបតី Pence តែងតែធ្វើតេស្តរក COVID-19 រាប់ខែកន្លងមកហើយ។ លោកមានសុខភាពល្អណាស់ ហើយលោកសូមជូនពរលោកប្រធានាធិបតីត្រាំឲ្យឆាប់ជាសះស្បើយ»។
គួរជម្រាបថា ការគូសបញ្ជាក់បែបនេះ ធ្វើឡើងបន្ទាបពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសនៅព្រឹកថ្ងៃសុក្រនេះថា លោកនិងភរិយាបានឆ្លងជំងឺ COVID-19។ នៅក្នុងសារបង្ហោះលើ Twitter លោក ត្រាំ បានសរសេរយ៉ាងដូច្នេះថា «យប់នេះខ្ញុំ និងភរិយាបានធ្វើតេស្តវិជ្ជមានជំងឺ COVID-19។ ពួកយើងនឹងចាប់ផ្តើមដំណើរការធ្វើចត្តាឡីស័ក និងការព្យាបាលឲ្យជាសះស្បើយឡើងវិញ យ៉ាងឆាប់រហ័ស។ យើងនឹងប្រឈមមុខបញ្ហានេះទាំងអស់គ្នា»៕