(បារីស)៖ ម្ចាស់ភោជនីដ្ឋាននិងបុគ្គលិកមប្រើការជាច្រើននាក់ នៅថ្ងៃសុក្រនេះ បានចេញមកឈរពីមុខហាងរបស់ពួកគេនៅទីក្រុងបារីស ដោយមុខពាក់ម៉ាស់ ដៃគោះខ្ទះ ដើម្បីទាមទារឲ្យរដ្ឋាភិបាលបារាំង កុំឲ្យចាត់វិធានការរឹតបន្តឹងបន្ថែមទៀត នៅចំពោះមុខការរីករាលដាល នៃជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលបារាំង លោក Olivier Veran បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ទីក្រុងប៉ារីសត្រូវបានគេដាក់ឲ្យស្ថិតក្រោមស្ថានការណ៍ប្រកាសអាសន្នកម្រិតខ្ពស់បំផុត នៅចំពោះមុខនៃការឆ្លងរីករាលនៃជំងឺ COVID-19 ចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយនេះ។ រង្គសាលនិងភោជនីយដ្ឋាននានា នៅក្នុងរដ្ឋធានីបារាំង តម្រូវឲ្យបិទទ្វារនៅត្រឹមម៉ោង ១០យប់ ក្រោមវិធានការរឹតត្បិតនៅពេលបច្ចុប្បន្ន។
ម្ចាស់ភោជនីយដ្ឋាន មានការបារម្ភថា វិធានការរឹតត្បិតថ្មីរបស់រដ្ឋាភិបាល អាចនឹងធ្វើឲ្យអាជីវកម្មរបស់ពួកត្រូវបិទទ្វារជារៀងរហូត។ លោក Andrea Vincenzi ម្ចាស់ភោជនីយដ្ឋាន La Ville de Provins ស្ថិតនៅភាគខាងជើងនៃទីក្រុងប៉ារីស បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា «យើងមាកការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការងាររបស់យើង ប្រាក់ឈ្នួល និងអនាគតរបស់យើង»។
គួរជម្រាបថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ អត្រានៃអ្នកឆ្លងជំងឺ COVID-19 បានកើនឡើងដល់ ២៥០ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់។ បច្ចុប្បន្ន បារាំងមានករណីឆ្លងសរុបជាង ៥៧ម៉ឺននាក់ ក្នុងនោះស្លាប់ជាង ៣.២ម៉ឺននាក់ និងជាសះស្បើយជាង ៩.៦ម៉ឺននាក់៕