(បាងកក)៖ អតីតនាយករដ្ឋមន្រ្តីថៃ ដែលកំពុងនិរទេសខ្លួនរស់នៅឯបរទេស លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) បាននិយាយថា លោកត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ប្រហែលជាពីរសប្តាហ៍មកហើយ បន្ទាប់ពីបានទទួលការធ្វើតេស្ត និងរកឃើញថាខ្លួនលោកមានផ្ទុកវីរុសកូរ៉ូណា (COVID-19)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២០។
អ្នកនាំពាក្យក្រៅផ្លូវការនៅទីក្រុងបាងកក នៃក្រុមគ្រួសារស៊ីណាវ៉ាត់ លោក វីម រុងវឌ្ឍនាចិន្តា (Wim Rungwattanachinda) បានគូសបញ្ជាក់ថា «លោក Thaksin ដែលមានអាយុ ៧១ឆ្នាំទៅហើយ ជាមហាសេដ្ឋីម្នាក់កំពុងរស់នៅទីក្រុងឌូបៃ (Dubai) នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួមបានធ្វើតេស្តរកឃើញថា លោកមានផ្ទុកមេរោគ COVID-19 កាលពីចុងខែសីហាកន្លងទៅនេះ ខណៈលោកបានធ្វើតេស្តដោយខ្លួនឯង ជាមួយនឹងឧបករណ៍បច្ចេកវិទ្យាខ្ពស់ ដែលផលិតឡើងដោយក្រុមហ៊ុនមួយដែលលោកជាវិនិយោគិន»។
លោក Wim ក៏បានគូសបញ្ជាក់បន្ថែមថា «លោក Thaksin បានធ្វើតេស្តវិជ្ជមានម្តងទៀត ខណៈដែលលោកបានទៅដល់មន្ទីរពេទ្យមួយនៅទីក្រុង Dubai ជាកន្លែងដែលលោកស្នាក់នៅបានប្រហែលមួយសប្តាហ៍ ដើម្បីទទួលការព្យាបាល មុនពេលផ្ទេរទៅកាន់មន្ទីរពេទ្យមួយផ្សេងទៀតនៅឯទីក្រុង អាប៊ូដាប៊ី (Abu Dhabi) ជាកន្លែងដែលលោកស្នាក់នៅបានមួយសប្តាហ៍ទៀត»។
ទន្ទឹមនឹងនេះបងប្អូនស្រីរបស់លោក Thaksin គឺលោកស្រី យីងឡាក់ (Yingluck) និង យ៉ាវវ៉ាផា (Yaowapa) ក៏ត្រូវបានគេឱ្យធ្វើចត្តាឡីស័កផងដែរបន្ទាប់ពីលោក Thaksin ត្រូវបានគេរកឃើញថា មានផ្ទុកមេរោគ COVID-19 នេះ ប៉ុន្តែលោកស្រីបានចេញលទ្ធផលអវិជ្ជមានចំពោះមេរោគនេះ។ ជាមួយគ្នានេះដែរ លោក Thaksin បាននិយាយថា លោកសង្ស័យថាខ្លួនបានឆ្លងមេរោគ COVID-19 នេះ ដោយសារតែលោកភ្លេចលាងសម្អាតដៃ ខណៈដែលលោកបានទៅកាន់ទីកន្លែងញុំាអាហារមួយ បើទោះបីជាលោកបានពាក់ម៉ាសការពារ មុនពេលចេញទៅទីសាធារណៈក៏ដោយ។
គួរបញ្ជាក់ថា លោក Thaksin បានបង្កើតគណបក្សនយោបាយមួយ បន្ទាប់ពីលោកបានក្លាយជាមហាសេដ្ឋីក្នុងវិស័យទូរគមនាគមន៍ និងបានក្លាយជានាយករដ្ឋមន្រ្តីថៃ បន្ទាប់ពីបានឈ្នះការបោះឆ្នោតនៅឆ្នាំ២០០១។ លោកបានជាប់ឆ្នោតជាថ្មីនៅឆ្នាំ២០០៥ ប៉ុន្តែកងទ័ពបានធ្វើរដ្ឋប្រហារ បណ្តេញលោកចេញវិញនៅឆ្នាំ២០០៦ បន្ទាប់ពីនោះ លោកបានប្រឈមមុខនឹងការចោទប្រកាន់ជាច្រើន ទាក់ទងនឹងការរំលោភអំណាច និងអំពើពុករលួយ។ លោក Thaksin បានអះអាងថា ការធ្វើរដ្ឋប្រហារប្រឆាំងរូបលោកនេះ គឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ហើយលោកក៏បានរត់គេចខ្លួនចេញពីប្រទេសថៃ ខណៈដែលលោកកំពុងស្ថិតនៅក្រៅឃុំ បន្ទាប់ពីការផ្តន្ទាទោសលើបទចោទប្រកាន់មួយ ដែលលោកត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល ០៣ឆ្នាំ៕