(វ៉ាស៉ីនតោន)៖ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឆ្លងជំងឺ COVID-19 សមាជិកព្រឹទ្ធសភាអាមេរិកពីររូបគឺលោក ម៉ៃក៍ លី (Mike Lee) និងលោក ថុម ធីល្លីស (Thom Tillis) ក៏បានក្លាយសមាជិកចុងក្រោយគេនៃសភាជាតិអាមេរិក ដែលបានធ្វើតេស្តវិជ្ជមានចំពោះជំងឺនេះផងដែរ។ ឥឡូវនេះថ្នាក់ដឹកនាំសភាអាមេរិក កំពុងតែពិចារណាឡើងវិញជុំវិញគោលការណ៍ធ្វើតេស្តរក COVID-19 របស់ខ្លួននៅក្នុងវិមានសភា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២០។
ទាំងលោក ត្រាំ លោក Lee និងលោក Tillis សុទ្ធតែបានចូលរួមក្នុងពិធីប្រកាសជ្រើសតាំងលោកស្រី អេមី ខុនលី បារែត (Amy Coney Barrett) ជាចៅក្រមថ្មីនៃតុលាការកំពូលអាមេរិក ដែលរៀបចំឡើងនៅសេតវិមានកាលពីចុងសប្តាហ៍មុន។ លោក Lee បានប្រាប់អ្នកសារព័ត៌មានថា រូបលោកមានរោគសញ្ញស្រាល ខណៈលោក Tillis បានឲ្យដឹងថា លោកពុំមានចេញរោគសញ្ញាអ្វីទាំងអស់។ សមាជិកព្រឹទ្ធសភាអាមេរិកទាំងពីររូបនេះ បានបញ្ជាក់ទៀតថា នឹងធ្វើចត្តាឡីស័ករយៈពេល ១០ថ្ងៃ។ សម្រាប់លោកស្រី Barrett វិញគឺមិនបានឆ្លងជំងឺ COVID-19 ឡើយបន្ទាប់ពីការធ្វើតេស្តយ៉ាងល្អិតល្អន់។
គួរជម្រាបថា គោលការណ៍ធ្វើតេស្ត COVID-19 បច្ចុប្បន្ននៅវិមានសភាជាតិអាមេរិក ខេបភីថល ហ៊ីល (Capitol Hill) គឺមិនមែនជាការចាំបាច់តែម្តងឡើយ ពោលបើអ្នកណាសង្ស័យថា ខ្លួនឯងប្រឈមនឹងការឆ្លងអាចទៅស្នើសុំការធ្វើតេស្តបាន។ ពាក់ព័ន្ធបញ្ហានេះថ្នាក់ដឹកនាំសភាជាតិអាមេរិក កំពុងតែគិតគូរពិចារណាឡើងវិញ ជុំវិញការធ្វើតេស្តរក COVID-19 នៅក្នុងវិមាន Capitol Hill ដែលអាចនឹងតឹងរ៉ឹងជាងមុនខ្លាំង៕