(ការ៉ាកាស់)៖ អាជ្ញាធរវេណេស៊ុយអេឡានៅថ្ងៃសុក្រសប្ដាហ៍នេះ បានទទួលវ៉ាក់សាំង Sputnik V ប្រឆាំង COVID-19 ដំបូងបង្អស់របស់ប្រទេសរុស្ស៊ីរាប់ពាន់ដូស ដោយបានប្រកាសថា នឹងគ្រោងចាប់ផ្តើមធ្វើតេស្តលើវ៉ាក់សាំងទាំងនេះដំណាក់កាលទី ៣ (ចុងក្រោយ) នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះតែម្តង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២០។
បើតាមអាជ្ញាធរវេណេស៊ុយអេឡា វ៉ាក់សាំង COVID-19 ចំនួន ២,០០០ដូសបានទៅដល់អាកាសយានដ្ឋានអន្តរជាតិ ស៊ីម៉ុន បូលីវ៉ា (Simon Bolivar) នៃទីក្រុង ម៉ៃក្វេត្យ៉ា (Maiquetia) ដោយអនុប្រធានាធិបតីវេណេស៊ុយអេឡា លោកស្រី ឌែលស៊ី រ៉ូឌ្រីហ្គែស (Delcy Rodriguez) បានហៅការដឹកជញ្ជូនវ៉ាក់សាំងទាំងនេះថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងបានបង្ហាញការសាទរថា «ប្រទេសវេណេស៊ុយអេឡា គឺជាប្រទេសទីមួយនៅក្នុងតំបន់ ដែលបានចូលរួមក្នុងការធ្វើតេស្តលើវ៉ាក់សាំង Sputnik V នេះនៅដំណាក់កាលទី ៣ និងចុងក្រោយ»។
ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលវ៉េណេស៊ុយអេឡា លោក ខាឡូស អាលវ៉ារ៉ាដូ (Carlos Alvarado) ក៏បានមានប្រសាសន៍ថា «នៅក្នុងខែនេះយើងនឹងចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំង Sputnik V ដំណាក់កាលទី៣ (ចុងក្រោយ) ដោយចាប់ផ្ដើមធ្វើឡើងពីរដ្ឋធានីការ៉ាកាស់ នៃប្រទេសវេណេស៊ុយអេឡាទៅ ហើយបន្ទាប់ពីការធ្វើតេស្តលើវ៉ាក់សាំងទាំងនេះ ទទួលបានជោគជ័យ អាជ្ញាធរនឹងចាប់ផ្ដើមធ្វើការជាមួយប្រទេសរុស្ស៊ីបន្ថែមលើការពង្រឹងរោងចក្រវ៉ាក់សាំងនៅទីក្រុងការ៉ាកាស (Caracas) នៃប្រទេសវេណេស៊ុយអេឡា សម្រាប់បំពេញការវេចខ្ចប់វ៉ាក់សាំង និងបន្តការផលិតវ៉ាក់សាំង ដែលមានប្រសិទ្ធភាពនេះបន្ថែមទៀត»។
គួរបញ្ជាក់ថា បើតាមលោក Alvarado នៅពេលដែលការធ្វើតេស្តលើវ៉ាក់សាំង Sputnik V ដំណាក់កាលទី ៣ នេះត្រូវបានបញ្ចប់ដោយប្រសិទ្ធភាព និងសុវត្ថិភាពទាំងនៅក្នុងប្រទេសរុស្ស៊ី និងប្រទេសវេណេស៊ុយអេឡា ដំណើរការផលិតទ្រង់ទ្រាយធំនឹងចាប់ផ្តើម សម្រាប់ផ្ដល់ជូនប្រជាជនជាច្រើននៅទូទាំងប្រទេស៕