(យូអិន)៖ បេសកជនចិនមួយរូបនៅថ្ងៃសុក្រសប្តាហ៍នេះ បាននិយាយថា សហរដ្ឋអាមេរិកកំពុងតែបង្កការគំរាមកំហែង ចំពោះដំណើរការលុបបំបាត់អាវុធនុយក្លេអ៊ែរ ព្រមទាំងចំពោះសុខសន្តិភាព និងសុខុមាលភាពរបស់បណ្តារដ្ឋ ជាសមាជិកអង្គការសហប្រជាជាតិ (UN) ក៏ដូចជាចំពោះតុល្យភាព និងស្ថិរភាពជាយុទ្ធសាស្រ្តរបស់សកលលោកទាំងមូល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២០។
នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់មួយរបស់ UN នាឱកាសទិវាអន្តរជាតិ នៃការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង លោក ហ្គែង ហ្ស័ង (Geng Shuang) អ្នកតំណាងរងអចិន្រ្តៃយ៍របស់ចិន ប្រចាំនៅអង្គការសហប្រជាជាតិបានលើកឡើងថា បច្ចុប្បន្ននេះការគំរាមកំហែង និងបញ្ហាប្រឈមធំបំផុត គឺផ្នត់គំនិតបែបសម័យសង្រ្គាមត្រជាក់ និន្នាការឯកតោភាគីនិយម និងវិធីសាស្រ្តនៃការគាបសង្កត់ ឬដាក់សម្ពាធ។
បើតាមលោក Geng ប៉ុន្មានឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិកបានព្យាយាមលើកកម្ពស់និន្នាការ «អាមេរិកអស្ចារ្យជាងគេ» និង «អាមេរិកធំជាងគេ» ព្រមទាំងជំរុញការធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយបង្កើនលទ្ធភាពនៃការប្រើប្រាស់អាវុធទាំងនោះ។ ទង្វើនេះកំពុងបង្កការគំរាមកំហែងជាខ្លាំង និងជះផលប៉ះពាល់ដល់តុល្យភាព និងស្ថិរភាពពិភពលោកសព្វថ្ងៃនេះ។ លោក Geng បានបង្ហាញការកត់សម្គាល់ថា អាមេរិកបានដកខ្លួនក្នុងលក្ខណៈឯកតោភាគី ពីសន្ធិសញ្ញានុយក្លេអ៊ែរ INF ជាមួយរុស្ស៉ី ហើយព្យាយាមគេចវេសពីការទទួលខុសត្រូវពិសេសរបស់ខ្លួន ក្នុងដំណើរការលុបបំបាត់អាវុធនុយក្លេអ៊ែរ តាមរយៈការបំផុសឲ្យមាន «កិច្ចចរចាត្រីភាគី»។
បេសកជនចិនរូបនេះបានបន្តថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មដោយឯកឯង និងដំឡើងសម្ពាធជាអតិបរមាទៅលើអ៉ីរ៉ង់ និងកូរ៉េខាងជើង ជុំវិញបញ្ហានុយក្លេអ៊ែរ ដើម្បីបម្រើតែមហិច្ឆតាភូមិសាស្រ្តនយោបាយរបស់ខ្លួន ខណៈទង្វើបែបនេះផ្ទុយទៅនឹងគោលដៅ នៃការចង់បានពិភពលោកមួយដែលគ្មានអាវុធនុយក្លេអ៊ែរ និងផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ៕