(ហ្សឺណេវ)៖ អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា សេវាកម្មសម្រាប់អ្នកជំងឺផ្លូវចិត្ត និងញៀនគ្រឿងញៀន ត្រូវបានរំខានឬបង្អាក់នៅទូទាំងពិភពលោក ក្នុងកំឡុងពេលនៃវិបត្តិជំងឺរាតត្បាតសកល COVID-19 ខណៈបញ្ហាទាំងនេះត្រូវបានគេរំពឹងថា នឹងបង្កការព្រួយបារម្ភដល់មនុស្សកាន់តែច្រើនឡើងៗ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០។
បើតាមលទ្ធផលនៃការធ្វើស្ទង់មតិមួយ របស់អង្គការសុខភាពពិភពលោក ដែលបានធ្វើឡើងកាលពីខែមិថុនា ដល់ខែសីហា ឆ្នាំ២០២០ កន្លងទៅ បានបង្ហាញថា មានតែ ៧% ប៉ុណ្ណោះក្នុងចំណោមប្រទេសចំនួន ១៣៤ប្រទេស ដែលអាចរក្សាសេវាកម្មសុខភាពផ្លូវចិត្តរបស់ខ្លួន បានពេញលេញ នៅក្នុងកំឡុងវិបត្តិជំងឺ COVID-19 នេះ ខណៈ ៩៣% ផ្សេងទៀតបានរាយការណ៍ថា បានកាត់បន្ថយសេវាកម្មទាំងនេះ ដោយសារជួបបញ្ហានានា។
លោក Devora Kestel ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ត នៃអង្គការសុខភាពពិភពលោក បានប្រាប់សន្និសីទសារព័ត៌មានមួយ នៅថ្ងៃចន្ទនេះថា នេះគឺជាទិដ្ឋភាពមួយដែលត្រូវបានគេបំភ្លេចចោល ដោយសារវិបត្តិ COVID-19 ខណៈបញ្ហាសុខភាពផ្លូវចិត្តនេះ វាជាវិបត្តិមួយដែលប្រទេសនិមួយៗត្រូវយកចិត្តទុកដាក់ខ្ពស់។
ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្តរូបនេះ បានសង្កត់ធ្ងន់ថា តាមរយៈព័ត៌មានបឋមនេះ យើងអាចប៉ាន់ស្មានបានថា ចំនួនអ្នកដែលមានបញ្ហាផ្លូវចិត្ត សរសៃប្រសាទ និងការប្រើប្រាស់គ្រឿងញៀន អាចថាមានការកើនឡើងខ្លាំង ក្នុងកំឡុងវិបត្តិសកលនេះ ដែលតម្រូវឲ្យរដ្ឋាភិបាលនានា យកចិត្តទុកដាក់បន្ថែមចំពោះបញ្ហានេះ៕