(ហ្សឺណែវ)៖ វេជ្ជបណ្ឌិតលោក ម៉ៃខឺល រីយ៉ាន (Michael Ryan) ប្រធានផ្នែកសង្គ្រោះបន្ទាន់ នៃអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងកាលពីថ្ងៃចន្ទសប្តាហ៍នេះថា តាមការប៉ាន់ស្មានដោយក្រុមជំនាញ មនុស្សម្នាក់ក្នុងចំណោម ១០នាក់ ឬ ១០% នៃចំនួនប្រជាជន នៅទូទាំងពិភពលោក ៧.៨ពាន់លាននាក់ អាចនឹងឆ្លងជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២០។
នៅក្នុងសម័យប្រជុំនៃក្រុមប្រឹក្សាអង្គការ WHO លោក Ryan បានគូសបញ្ជាក់ឲ្យដឹងថា តួលេខនៃចំនួនអ្នកឆ្លងរវាងទីក្រុង និងតំបន់ជនបទមានភាពខុសគ្នា។ ទោះយ៉ាងណា អត្រាឆ្លងខ្ពស់បានចង្អុលបង្ហាញថា ប្រជាជនភាគច្រើននៅជុំវិញពិភពលោក នៅតែប្រឈមនឹងហានិភ័យខ្ពស់ដដែល។ លោក Ryan ក៏បានកត់សម្គាល់ផងដែរថា ករណីឆ្លងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ អឺរ៉ុប និងមេឌីទែរ៉ាណេភាគខាងកើតកំពុងតែបន្តកើនឡើង ខណៈដែលស្ថានភាពនៅទ្វីបអាហ្វ្រិក និងតំបន់ប៉ាស៊ីហ្វិកខាងលិចមានសភាពល្អប្រសើរជាង តែទោះជាយ៉ាងណាក៏ដោយស្ថានភាពទូទៅ នៅជុំវិញពិភពលោកបាននឹងកំពុង ដើរទៅរកតំណាក់កាលដ៏លំបាក។
ទោះជាយ៉ាងណា បណ្ឌិត Michael Ryan មិនបានបញ្ជាក់ច្បាស់លាស់ថា តើតួលេខខាងលើត្រូវបានគណនាយ៉ាងណានោះទេ។ ដោយឡែកអ្នកនាំពាក្យរបស់ WHO វេជ្ជបណ្ឌិតលោកស្រី ម៉ាហ្គារែត ហារីស (Margaret Harris) បានឲ្យដឹងថា ការប៉ាន់ស្មានខាងលើគឺគិតតាមកម្រិតមធ្យម ដែលផ្អែកលើការសិក្សាធ្វើឡើងនៅជុំវិញពិភពលោក។ លោកស្រី Margaret Harris បាបន្ថែមទៀតថា វីរុសដ៏កាចសាហាវនេះនៅតែមានឱកាសបន្តរីករាលដាល ប្រសិនបើយើងគ្មានវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីបញ្ឈប់វាទេនោះ។
នៅជុំវិញបញ្ហាខាងលើ អគ្គនាយកអង្គការសុខភាពពិភពលោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានគូសបញ្ជាក់ថា អ្វីដែលយើងបានរៀនពីគ្រប់តំបន់ទាំងអស់ នៅជុំវិញពិភពលោកបានបង្ហាញថា «ភាពជាអ្នកដឹកនាំ និងយុទ្ធសាស្ត្រច្បាស់លាស់ ព្រមទាំងការប្រាស្រ័យទាក់ទងគា្នជាប់លាប់» យើងនៅតែអាចគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺ COVID-19។ លោក Tedros បានសង្កត់ធ្ងន់ថា ជំងឺរាតត្បាតបានបង្ហាញពីសារៈសំខាន់ នៃការវិនិយោគបន្ថែមលើវិស័យសុខភាពសាធារណៈ និងការថែទាំសុខភាពជាបឋម។
គួរបញ្ជាក់ថា តាមទិន្នន័យចុងក្រោយរបស់សាកលវិទ្យាល័យ ចនស៍ ហបឃីនស៍ (Johns Hopkins) បានបង្ហាញថា ករណីឆ្លងជំងឺ COVID-19 អាចមានច្រើនជាង ៣៥លានករណី និងចំនួនមនុស្សស្លាប់ក៏អាចមានច្រើន ១លាននាក់ផងដែរ ក្នុងនោះប្រទេសដែលមានករណីឆ្លងច្រើនជាងគេរួមមាន សហរដ្ឋអាមេរិក ប្រទេសឥណ្ឌា ប្រេស៊ីល រុស្ស៊ី កូឡុំប៊ី និងប៉េរូ៕