(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃចន្ទសប្តាហ៍នេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov), រដ្ឋមន្ត្រីក្រសួងការបរទេសបារាំងលោក ហ្សង់ អ៉ីវ ឡឺ ទ្រីយ៉ុង (Jean-Yves Le Drian) និងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ ដោយគ្មានលក្ខណ្ឌនៅតំបន់ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh) ដែលចំណុចក្តៅនៃជម្លោះរវាងប្រទេសអាហ្សែបៃហ្សង់ និងអាមេនី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២០។
នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយដោយក្រសួងការបរទេសរុស្ស៊ីបានគូសបញ្ជាក់ថា សមភាគីទាំងបីរូបដែលតំណាងឲ្យអង្គការសន្តិសុខ និងសហប្រតិបត្តិការអឺរ៉ុបហៅកាត់ថា OSCE បានថ្កោលទោសយ៉ាងខ្លាំងៗចំពោះការកើនឡើង នៃអំពើហិង្សាមិនធ្លាប់មាន និងគ្រោះថ្នាក់បំផុតនៅក្នុងតំបន់ Nagorno-Karabakh។ ប្រមុខការទូត នៃប្រទេសមហាអំណាចទាំងបីបានសង្កត់ធ្ងន់ថា ជម្លោះថ្មីៗដែលត្រូវបានគេចោទប្រកាន់ថា បានវាយប្រហារទៅលើជនស៊ីវិលនៅតាមព្រំដែនរវាងអាហ្សៃបៃហ្សង់ និងអាមេនី និងនៅខាងក្រៅតំបន់ជម្លោះ Nagorno-Karabakh ផងដែរនោះ បាននិងកំពុងបង្កការគំរាមកំហែងយ៉ាងខ្លាំងក្លា ដែលមិនអាចទទួលយកបាននោះឡើយ។
គួរជម្រាបថា ប្រទេសអាមេនី និងអាហ្សែបៃហ្សង់មានភាពតាងតឹងរវាងគ្នានៅតំបន់ Nagorno-Karabakh ចាប់តាំងពីឆ្នាំ១៩៨៨មកម្ល៉េះ ហើយកិច្ចចរចាសន្តិភាពត្រូវបានធ្វើឡើងកាលពីឆ្នាំ១៩៩៤ ប៉ុន្តែការប៉ះទង្គិចគ្នាតិចតួចម្តងម្កាលនៅតែបន្តកើតឡើង។ តំបន់ Nagorno-Karabakh បើតាមច្បាប់អន្តរជាតិ គឺស្ថិតនៅក្នុងផែនទីនៃប្រទេសអាហ្សែបៃហ្សង់ ប៉ុន្តែការពិតជាក់ស្តែងនោះ ដែនដីស្វយ័តដែលមានជនជាតិដើមអាមេនីរស់នៅច្រើនបំផុតនេះ បានតាំងខ្លួនឯងជាសាធារណរដ្ឋ និងទទួលជំនួយពីប្រទេសអាមេនី៕