(ម៉ូស្គូ)៖ កងទ័ពរុស្ស៊ីបានធ្វើតេស្តគ្រាប់មីស៊ីលលឿនជាងសំឡេងមួយប្រភេទ ដែលមានឈ្មោះថា ថាសឺកុន (Tsirkon) ហើយវាបានហោះទៅកម្ទេចចំគោលដៅយ៉ាងល្អប្រសើរ ស្ថិតនៅក្នុងសមុទ្របារ៉ែនត៍ (Barents Sea) ចំថ្ងៃខួបកំណើតអាយុ ៦៨ឆ្នាំរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០ នេះតែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
នៅក្នុងកិច្ចសន្ទនាតាមរយៈ Video Link មេបញ្ជាការជាន់ខ្ពស់នៃយោធារុស្ស៊ីលោក វ៉ាឡឺរី ហ្គែរ៉ាស៊ីម៉ូវ (Valery Gerasimov) បានប្រាប់លោក វ៉្លាឌីមៀ ពូទីន យ៉ាងដូច្នេះថា «ការធ្វើតេស្តវាយប្រហារចំគោលដៅខាងលើនេះ ត្រូវបានធ្វើឡើងចេញពីនាវាចម្បាំង អ៊ែដមើរ៉ាល់ ហ្គសកូវ (Admiral Gorshkov) ស្ថិតនៅតំបន់សមុទ្រស (White Sea) នៃភាគខាងជើងរុស្ស៊ី ហើយធ្លាក់ចំគោលដៅកំណត់លើសមុទ្រ Barent ដែលនៅជាប់គ្នា»។
គួរបញ្ជាក់ថា ស្ថិតក្នុងឱកាសនោះលោក ពូទីន បានកោតសរសើរចំពោះភាពជោគជ័យ នៃការធ្វើតេស្តគ្រាប់មីស៊ីលខាងលើ។ លោក ពូទីន កាលពីខែមីនា ឆ្នាំ២០១៨ បានប្តេជ្ញាបង្កើនវត្តមានយោធារុស្ស៊ី នៅក្នុងតំបន់សមុទ្រទឹកកកអាក់ទិចផងដែរ តាមរយៈការបង្កើនសមត្ថភាព គ្រាប់មីស៊ីលផ្លោងលឿនជាងសំឡេង (hypersonic missile) និងសព្វាវុធស៊េរីថ្មីចុងក្រោយ។ បុរសខ្លាំងរុស្ស៊ីរូបនេះបានអះអាងថា «នេះគឺជាព្រឹត្តិការណ៍ដ៏ធំមួយ ដែលមិនមែនបង្កើតឡើងសម្រាប់តែកងទ័ពនោះទេ ប៉ុន្តែយើងធ្វើវាសម្រាប់ប្រទេសរុស្ស៊ីទាំងមូល»៕