(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន បាននិយាយថា ខ្លួនលោកផ្ទាល់បានកត់សម្គាល់ឃើញថា បេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ គឺលោក Joe Biden បានប្រើប្រាស់នូវអ្វីដែលលោកហៅថា«វោហារសាស្ត្រប្រឆាំងរុស្ស៊ី» យ៉ាងខ្លាំង។ ប៉ុន្តែលោកគឺលើកទឹកចិត្តចំពោះការអត្ថាធិប្បាយរបស់បេក្ខជនរូបនេះ ជំុវិញការគ្រប់គ្រងអាវុធ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០។
លោកពូទីន ដែលបាននិយាយថារុស្ស៊ីនឹងធ្វើការជាមួយប្រធានាធិបតីអាមេរិកគ្រប់រូប ដោយមិនរើសមុខនោះ បានធ្វើការកត់សម្គាល់បែបនេះ នៅលើកញ្ចក់ទូរទស្សន៍រដ្ឋមួយនៅថ្ងៃពុធនេះ។ នាឱកាសនោះ លោកបាននិយាយយ៉ាងដូច្នេះថា «ទាក់ទងនឹងបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ...យើងឃើញថាបានប្រើប្រាស់វោហារសាស្ត្រប្រឆាំងរុស្ស៊ីយ៉ាងខ្លាំង។ ប៉ុន្តែយើងស៊ាំអស់ហើយ ចំពោះវោហារសាស្ត្របែបនេះ»។
ទោះយ៉ាងណា លោកពូទីនបានបន្ថែមថា លោក Biden បានធ្វើអ្វីដែលលោកចាត់ទុកថា ជាសេចក្តីថ្លែងលើកទឹកចិត្តស្តីពី New START ដែលជាសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរធំចុងក្រោយ រវាងរុស្ស៊ីនិងសហរដ្ឋអាមេរិក ដែលនឹងត្រូវផុតកំណត់នៅខែកុម្ភៈឆ្នាំក្រោយ។ រហូតមកទល់ពេលនេះ ទីក្រុងមូស្គូនិងវ៉ាស៊ីនតោន មិនទាន់បានរកឃើញកិច្ចព្រមព្រៀងគ្នាជុំវិញសន្ធិសញ្ញ New START នៅឡើយទេ។
«បេក្ខជន Joe Biden បាននិយាយជាសាធារណៈថា គាត់បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការបន្តកិច្ចព្រមព្រៀង NEW START ឬឈានដល់សន្ធិសញ្ញាថ្មីមួយ ដើម្បីកំណត់អាវុធយុទ្ធសាស្រ្ត ដែលជាធាតុផ្សំដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិការរបស់យើងនាពេលអនាគត»។ នេះជាការគូសបញ្ជាក់របស់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន៕