(បរទេស)៖ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីនៅទូទាំងពិភពលោក បានកើនឡើងដល់កម្រិតខ្ពស់បំផុត ទោះបីជាមានវិបត្តិសេដ្ឋកិច្ចដែលកំពុងតែញុំាញី ដោយសារជំងឺរាតត្បាតសកល COVID-19 ក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០។
គិតត្រឹមចុងខែកក្កដា ពិភពលោកមានកំពូលមហាសេដ្ឋីសរុបចំនួន ២,១៨៩នាក់ ស្មើនឹងចំនួនទ្រព្យសម្បត្តិ ១០.២ទ្រីលានដុល្លារអាមេរិក។ ចំនួននេះបានបង្ហាញថា កំពូលមហាសេដ្ឋីប្រាក់ពាន់លាន (billionaires) បានកើនឡើងថែម ៣១នាក់ទៀតនៅក្នុងឆ្នាំ២០២០នេះ បើធៀបនឹងឆ្នាំ២០១៧ ដែលកាលណោះទ្រព្យសម្បត្តិសរុបរបស់ពួកគេមានតែជាង ៨.៩ទ្រីលានដុល្លារអាមេរិកប៉ុណ្ណោះ, នេះបើតាមលទ្ធផលនៃការសិក្សាថ្មីមួយ ដោយធនាគារធំបំផុតរបស់ប្រទេសស្វីស (UBS) និងក្រុមហ៊ុនគណនេយ្យភាពសកល PwC (PricewaterhouseCoopers)។
យ៉ាងណាមិញ ជំងឺរាតត្បាត COVID-19 ក៏បានបង្កឲ្យមានផលប៉ះពាល់ដល់ ក្រុមកំពូលមហាសេដ្ឋីពិភពលោកទាំងនោះផងដែរ នៅអំឡុងតំណាក់កាលដំបូងៗនៃការរាតត្បាត។ ជាក់ស្តែងទ្រព្យសម្បត្តិរបស់កំពូលមហាសេដ្ឋីមួយចំនួន បានធ្លាក់ចុះ ៦.៦% នៅអំឡុងខែកុម្ភៈ និងខែមីនា ឆ្នាំ២០២០ ក្រោយមកទើបពួកគេបានមើលឃើញកំណើនវិញ ២៧.៥ % នៅអំឡុងខែមេសា ដល់ខែកក្កដា ដោយសារតែភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅលើពិភពលោក មានការកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់។
គួរជម្រាបថា នៅក្នុងឆ្នាំ ២០១៨, ២០១៩ និង ៧ខែដំបូងនៃឆ្នាំ២០២០ (ខែមករា ដល់ខែកក្កដា) ទ្រព្យសម្បត្តិរបស់កំពូលមហាសេដ្ឋីចំនួន ៤រូបក្នុងវិស័យបច្ចេកវិទ្យាបានកើនឡើង ៤២.៥% ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណជា ១.៨ទ្រីលានដុល្លារ។ ចំណែលឯទ្រព្យនៃកំពូលមហាសេដ្ឋី នៅក្នុងវិស័យសុខាភិបាលវិញបានកើនឡើង ៥០.៣ភាគរយ ឬស្មើនឹងទ្រព្យសម្បត្តិសរុបប្រហែលជា ៦៥៨.៦ពាន់លានដុល្លារ ខណៈដែលកំពូលមហាសេដ្ឋីនៅក្នុងឧស្សាហកម្មកម្សាន្ត អចលនទ្រព្យ និងសេវាកម្មហិរញ្ញវត្ថុ ក៏មានការកើនឡើងផងដែរ តែមិនលើសពី ១០ភាគរយនោះទេ៕