(បាងកក)៖ មេដឹកនាំក្រុមបាតុករនៅទីក្រុងបាងកក កាលពីថ្ងៃសុក្របានប្រកាស «បញ្ចប់បាតុកម្ម» បន្ទាប់ពីបានមើលឃើញកងកម្លាំងប៉ូលិស ប្រើប្រាស់កាណុងបាញ់ទឹក បង្ក្រាបលើក្រុមបាតុករដែលជានិស្សិត និងយុវវ័យ ខណៈលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា លោកនឹងមិនចុះចេញពីតំណែងជាដាច់ខាត។ នេះបើតាមការដកស្រង់ព័ត៌មានពី CNA នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០។
ក្រុមបាតុករបានទទួលសារ ពីថ្នាក់ដឹកនាំចលនាបាតុកម្មរបស់ពួកគេ កាលពីយប់ថ្ងៃសុក្រថា «បញ្ចប់បាតុកម្ម»។ សារនេះបានកើតមានឡើងក្រោយពីក្រុមនិស្សិត និងប្រជាជនថៃ ដែលបានចូលរួមនៅក្នុងចលនាបាតុកម្ម ត្រូវបានកងកម្លាំងប៉ូលិសប្រើប្រាស់ខែល, ដំបង និងកាណុងបាញ់ទឹក ដើម្បីបំបែកការប្រមូលផ្តុំគ្នានៅដងវិធី រ៉ាឆាប្រាសុង (Ratchaprasong) ដ៏មមាញឹកនៅកណ្តាលទីក្រុងបាងកក ដែលបានបំពានបំរាម ឬការប្រកាសអាសន្នឈានចូលថ្ងៃទី ២ សម្រាប់យប់ថ្ងៃសុក្រម្សិលមិញនេះ។
ប៉ូលិសថៃត្រូវបានគេមើលឃើញថា បានប្រើធម៌ក្តៅជាលើកដំបូង ក្នុងគោលដៅបញ្ឈប់ការធ្វើបាតុកម្ម ដែលបានអូសបន្លាយដ៏រ៉ុារ៉ៃរយៈពេលជាង ៣ខែមកហើយ។ ក្រុមបាតុករបានទាមទារឲ្យលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឲ្យដូចដើមវិញ ព្រោះរដ្ឋធម្មនុញ្ញបច្ចុប្បន្ននេះ (ដែលត្រូវបានធ្វើវិសោធនកម្មកាលពីឆ្នាំ២០១៧) បានផ្តល់អំណាច ជ្រុលហួសហេតុពេកដល់ព្រះមហាក្សត្រ។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថា តើការប្រកាសបញ្ចប់បាតុកម្មខាងលើនេះ គឺជារឿងអចិន្ត្រៃយ៍ ឬមួយក៏ជាការត្រៀមរកយុទ្ធសាស្ត្រថ្មី ដើម្បីបន្តធ្វើបាតុកម្មទៀតនោះឡើយ។
គួរបញ្ជាក់ថា មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្គុំគ្នានៅទីក្រុងបាងកក ដើម្បីបង្ហាញពីកំហឹង និងការប្រឆាំងរបស់ពួកគេកាន់តែពុះកញ្ជ្រោលខ្លាំងឡើង ខណៈរដ្ឋាភិបាលថៃបានប្រកាសពីវិធានការបន្ទាន់ ឬការប្រកាសអាសន្នក្នុងទីក្រុងបាងកក ដើម្បីហាមឃាត់ការប្រមូលផ្តុំចាប់ពីមនុស្ស ០៥នាក់ ឬច្រើនជាងនេះ ដើម្បីព្យាយាមបញ្ចប់ការតវ៉ា។ បានចាប់ខ្លួនមេដឹកនាំបាតុករ ០៣នាក់ ហើយគិតចាប់តាំងពីសប្តាហ៍មុនមក អាជ្ញាធរបានចាប់ខ្លួនបាតុករសរុបប្រហែលជា ៤០នាក់ហើយ៕